ព័ត៌មានជាតិ

ឃាត់ចាប់​ជើង​ជ្រូក និង​អណ្ដាត​ជ្រូក​បង្កក ​ខូចគុណភាព ជិត​៣​តោន ដឹក​ពី​ខេត្ត​ព្រះ​សីហ​នុ មក​ភ្នំពេញ

(ភ្នំពេញ) ៖ ពីវេលា​ម៉ោង​១៥​និង​៣០​នាទី នា​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០២៤ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម តាន់​ផា​ន់​ណា​រ៉ា
ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ប្រតិបត្តិការ​ស្ទាក់​ចាប់ ដោយ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង លើ​ការ​ដឹក​ជញ្ជូន​សត្វ និង​ផលិតផល​សត្វ នៅ​ចំណុច​លើ​ផ្លូវ​វេ​ង​ស្រេង ជិត​ស្តុ​ប​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង ម៉ាក HYUNDAI PORTER ពណ៌​ខៀវ លា​យស ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​១.៥​តោន ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-4135 ។

បើ​តាម​លោក ហ៊ុន សា​រ៉ាត់ ប្រធាន​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានអោយ​ដឹង​ថា ក្រោយ​ឃាត់​រថយន្ត​ត្រួតពិនិត្យ ក្រុមការងារ​បាន​រក​ឃើញ ក្នុង​រថយន្ត​មាន​ដឹក​ផលិតផល​សាច់​បង្កក រួម​មាន ៖
-​ជើង​ជ្រូក ចំនួន ១​កេស​ក្រដាស ស្មើនឹង ១៨​គីឡូក្រាម (​គ្មាន​ប្រភព​ច្បាស់លាស់​) ។
-​អណ្ដាត​ជ្រូក ចំនួន ១៤៩​កេស​ក្រដាស ស្មើនឹង ២,៦៨២​គីឡូក្រាម (​គ្មាន​ប្រភព​ច្បាស់លាស់​) ។
សរុប​ទាំងអស់ ចំនួន ១៥០​កេស​ក្រដាស ស្មើនឹង ២,៧០០​គីឡូក្រាម ។

ក្រោយ​ពិនិត្យ​ជាក់ស្ដែង និង​មានការ​ឆ្លើយ​សារភាព ពី​អ្នក​បើករថយន្ត ជាមួយ​តំណាង​ម្ចាស់​ផលិតផល​សាច់​បង្កក​ទាំង​អស់នេះ ថា គាត់​បាន​ដឹក​សាច់​បង្កក​ទាំងនេះ មក​ពី​ខេត្ត​ព្រះ​សីហ​នុ រួច​ឆ្ពោះទៅ​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​វិញ្ញាបនបត្រ​អនាម័យ​សត្វ​ពី​ប្រទេស​នាំ​ចេញ​នោះ​ទេ ចំពោះ​សាច់​បង្កក ឬ​ផលិតផល​សត្វ​ទាំង​អស់នេះ ធុំក្លិន មាន​សភាព​ប្រែ​ពណ៌​លឿង ខ្មៅ និង​ខូចគុណភាព ។

អ្នក​បើករថយន្ត ជាមួយ​តំណាង​ម្ចាស់​សាច់​បង្កក បាន​យល់ព្រម​ជាមួយ​ក្រុមការងារ ធ្វើការ​ដឹក​ជញ្ជូន​ផលិតផល​សត្វ​បង្កក​ខាងលើ​នេះ ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តន៍​នីតិវិធី​ច្បាប់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។