ព័ត៌មានជាតិ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានអញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹក និងពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ​ និងវៀតណាម

ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧​ត្រូវនឹង ថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២៣​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានការរីកចម្រើនប្រសើរឡើង ។

ដោយឡែក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំងបី បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។