ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភ ហើយគំរាមសំលាប់ក្មេងស្រីរងគ្រោះ បើហ៊ាននិយាយប្រាប់គេ!

(ពោធិ៍សាត់) ៖ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់, ក្រោយទទួលពាក្យបណ្ដឹងពីម្តាយក្មេងស្រីរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើបង្ក្រាប ឃាត់ខ្លួនជន សង្ស័យម្នាក់ ហើយបង្កសំណុំរឿង បញ្ជូនទៅសាលាដំបូង។

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៣ៈ៣០នាទី នៅចំណុចចំការស្វាយរំលេច ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ មានករណីរំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យឈ្មោះអក បរន ភេទប្រុស អាយុ ៥៧ឆ្នាំ ខ្មែរ រស់នៅភូមិគល់ទទឹង ឃុំសខ្មែ ស្រុកភ្នំក្រវាញ មុខរបររត់ម៉ូតូឌុប បានធ្វើសកម្មភាព បើកបរម៉ូតូដឹកឥវ៉ាន់នៅតាមផ្លូវ ហើយបានឃើញកុមារីរងគ្រោះ អាយុ១២ឆ្នាំ ខ្មែរ រស់នៅភូមិសន្ទ្រ ឃុំសន្ទ្រ ស្រុកភ្នំក្រវាញ មុខរបរសិស្ស កំពុងជិះកង់ ១គ្រឿង នៅតាមផ្លូវឌុបគ្នា ៣នាក់ (ក្មេងៗដូចគ្នា) ពេលនោះជនសង្ស័យ ក៏បានហៅក្មេងរងគ្រោះឱ្យជួយកាន់ឥវ៉ាន់គាត់ ហើយកុមារីរងគ្រោះ ក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ដោយសារជនសង្ស័យ និងឪពុក-ម្ដាយ ជនរងគ្រោះរាប់អានស្គាល់គ្នា។

ដោយជនសង្ស័យ បានឌុបកុមារីរងគ្រោះ ជិះទៅដល់កន្លែងកើតហេតុខាងលើ រួចជនសង្ស័យ បានធ្វើសកម្ម ភាពចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះ រហូតបានសម្រេច ដោយគំរាមក្មេងស្រីរងគ្រោះ មិនឱ្យ និយាយប្រាប់គេ ប្រយ័ត្នសម្លាប់ចោល រួចជនសង្ស័យ បានឌុបក្មេងស្រីរងគ្រោះ ត្រឡប់មកផ្ទះវិញ។

ក្រោយទទួលពាក្យបណ្ដឹងពីម្តាយក្មេងស្រីរងគ្រោះនៅថ្ងៃទី០៣.០២.២០២៤ វេលាម៉ោង ១៦ៈ០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើបង្ក្រាប ឃាត់ខ្លួនជន សង្ស័យ នៅថ្ងៃទី០៤.០២.២០២៤ វេលាម៉ោង ០៩ៈ០០នាទី បង្កសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។