ព័ត៌មានជាតិ

កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន៧៨៨នាក់ សាខាពោធិ៍សាត់

សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន ៧៨៨នាក់ នៅក្នុង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូល ជាសមាជិក របស់ សមាគម កាយ ឫទ្ធិនារីកម្ពុជា គឺជាកម្លាំង ស្ម័គ្រចិត្តរួម ដែលផ្ដល់ ឱ្យ សមាជិក នូវ ចំណេះ ដឹង បទ ពិសោធន៍ ទាំងជីវិត ការងារ និង លទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើ ការងារ ជា ក្រុមក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះ សមាជិក ទាំង អស់ ត្រូវ បាន ជំរុញ លើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យ ស្លោក របស់ សមាគមគឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា” ។
លោកជំទាវបានប្រសាសន៍បញ្ជាក់ទៀតថា តាមរយៈ លទ្ធផល ការងារ ដែល សមាគម កាយឫទ្ធិ នារី កម្ពុជា បាន ប្រឹង ប្រែង កន្លងមក ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួស្គាល់ថា សមាគម កាយឫទ្ធិនារី កម្ពុជា ពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មាន ការ ប្រកាន់ និន្នាការ នយោបាយ ពូជសាសន៍ ព៌ណសម្បុរ អាយុ ឬ ភេទ នោះឡើយ។ លោកជំទាវ បណ្ឌិត ក៏ បានលើកបន្ថែមដែរថា “បើបណ្ដុះបណ្ដាលបុរស១នាក់ យើងនឹងទទួលបានមេដឹកនាំ ១នាក់ បើបណ្ដុះបណ្ដាលស្ត្រី ឬក្មេងស្រី១នាក់ យើងនឹងទទួលបានមេដឹកនាំមួយប្រទេស” ក្នុងន័យនេះ លោក ជំទាវ អគ្គស្នងការ ចង់ សម្តៅ លើ ការ លើក កម្ពស់ ដល់កុមារី យុវតី និងស្រី្ត ក្នុងទទួលបានការ អបរ់ រំ អោយ បាន កាន់ តែ ខ្ពស់ កាន់ តែ ប្រសើរ ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានសមាជិកសរុបចំនួន ៣៥៥២នាក់ ក្នុងសហគមន៍ចំនួន១១ នៃ២៥រាជធានី ខេត្តដូចជា រាជធានីភ្នំពេញ សៀមរាប កំពត កណ្តាល កំពង់ស្ពឺ កំព ង់ធំ មណ្ឌលគិរី តាកែវ ព្រៃវែង បាត់ដំបង រួមនឹងខេត្តពោធិ៍សាត់។
សូមរំលឹកថាកម្ពុជា បានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិន ទាន់ ចូល ជា កាយ ឫទ្ធិ ពិភព លោក នោះ ទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិ ក៏ត្រូវបានរំសាយ ហើយក្រោយ ចប់ សង្គ្រាម ឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មាន ការ ប្រជុំ ធំ រហូត តដល់ ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយឫទ្ធិពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺ ជា សមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតី ឲ្យ ក្លាយ ទៅ ជា ពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយ បានផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ យុវតី ដែល ជា សមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បី ក្លាយ ជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទ៖ សូដាវណ្ណ (BTV)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។