ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័បានម្នាក់ទៀត ករណីក្រុមចោរគាស់ទូដែក យកគ្រឿងអលង្ការរាប់ម៉ឺនដុល្លារ នៅក្នុងសង្កាត់ក្រាំងធ្នង់!

(ភ្នំពេញ) ៖ ក្រុមចោរដែលបានធ្វើសកម្មភាពផ្ទះវិឡាមួយកន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយគាស់បំបែកទូដែកយកលុយ និងគ្រឿងអលង្ការអស់រាប់ម៉ឺនដុល្លារ កាលពីកន្លះខែមុខនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវ ឃាត់ខ្លួនបានម្នាក់ទៀត កាលពី៦ល្ងាច ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចភូមិចំការចេក សង្កាត់អូរ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ វង្ស សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចខណ្ឌសែនសុខ បានអោយដឹងថា ជនសង្ស័យរូបនោះ ជាជនដៃដល់ក្នុងចំណោមបក្សពួក៣ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ដោយសារគាស់ទម្លុះទម្លាយនៅត្រង់ចំណុចផ្ទះវិឡា គ្មានលេខមួយកន្លែង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក ។

សមត្ថកិច្ចខណ្ឌសែនសុខបានអោយដឹងថា នេះជាជនសង្ស័យទី៥ ហើយ ដែលត្រូវឃាត់ខ្លួន ដែលកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ (ប្រុស១ស្រី៣) ដែលជាអ្នកសមគំនិតយកគ្រឿងអលង្ការ ដែលគាស់បានយកទៅលក់អោយជនដៃដល់ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស ដោយគាស់ទម្លុះទំលាយយកទ្រព្យសម្បត្តិនៅចំណុចផ្ទះវិឡា មួយកន្លែងស្ថិតនៅតាមផ្លូវលំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ។

នៅក្នុងសកម្មភាពក្រុមចោរ បានផ្លោះរបងចូលទៅក្នុងវីឡាខាងលើកាត់ចំរឹង ដែលចូលក្នុងផ្ទះគា.ស់ទ្វារបន្ទប់ចូល និងគាស់បំបែកទូដែកយកគ្រឿងអលង្ការ និងលុយ រួមមាន ៖ ខ្សែកពេជ្រ២ខ្សែ, ខ្សែដៃពេជ្រ១ខ្សែ ,ចិញ្ចៀនពេជ្រ៤វង់, ខ្សែកមាសមួយតម្លឹង ១ខ្សែ ,កងដៃមាសដាំត្បូងចំនួន២កង,កងដៃមាសកូនក្មេងចំនួន២កង,មាសដុំចំនួន៣តម្លឹង,ត្បូងមិនទាន់ឆ្នៃចំនួនប្រមាណ៤០-៥០គ្រាប់ខ្សែដៃមាស១តម្លឹង និងលុយដុល្លារប្រមាណ១ម៉ឺនដុល្លារ ព្រមទាំងយកម៉ាស៊ីនផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាពចំនួន១គ្រឿងគេចបាត់ ។

តាមសមត្ថកិច្ចអោយដឹងទៀតថា បន្ទាប់ពីមានករណីគាស់ផ្ទះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយនគរបាលខណ្ឌសែនសុខ ក៏បានសហការនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ ក្នុងនោះ អ្នកសមគំនិត៤នាក់ និងជនដៃដល់ម្នាក់។

តាមចម្លើយ សារភាពពីជនសង្ស័យ ឈ្មោះវង្ស សុជាតិ បានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុខ្លួនត្រូវបក្សពួកឈ្មោះ គង់ រ៉ាវុធ ហៅធី និងឈ្មោះតឿ (គេចខ្លួន)បានបើករថយន្តឡិចស៊ិស មួយគ្រឿងមកដឹកទៅធ្វើសកម្មភាពគាស់ផ្ទះ ។ ដោយខ្លួនជាអ្នកចាំរថយន្ត ហើយឈ្មោះគង់ រ៉ាវុធ ហៅធី និងឈ្មោះ តឿ ជាអ្នកចូលធ្វើសកម្មភាពគាស់ផ្ទះ ។

បន្ទាប់ពីគាស់បានសម្រេចហើយ ក៏បានគេចខ្លួនទៅផ្ទះជួលភូមិព្រៃទាសង្កាត់ចោមចៅ៣ រួចក៏បានអោយខ្លួនជិះម៉ូតូកង់៣ទៅផ្ទះ ដោយប្រាប់ថា ប្រាក់ចំណែកចាំទាក់ទងគ្នានៅថ្ងៃស្អែក ។ លុះដល់ល្ងាចនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ គង់ រ៉ាវុធ បានវេរលុយចំណែកតាមវីង អោយ៤ពាន់ដុល្លារ ហើយខ្លួនក៏បានទៅដកយកទៅស៊ីចាយ និងគេចខ្លួនទៅខេត្តកំពង់សោម ក៏ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនបានតែម្តង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។