ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦៦ គ្រួសារ នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦ គ្រួសារ នៅ ឃុំសូភាស ស្រុកស្ទឹងត្រង់ ក្នុងនេះ នៅភូមិអង្កោល ១២គ្រួសារ , ភូមិសូភាស ១០គ្រួសារ និងនៅភូមិស្រប ៤៤គ្រួសារ ។

គូរបញ្ជាក់ថា÷ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ ពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំងក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួចធ្វើអោយផ្ទះ ៦៦ខ្នង រងការខូចខាត ដោយមានការដួលរលំ របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង។ល។

ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសោកស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុដែលវានកើតឡើងដោយស្មានមិនដល់នេះ ដែលបង្កអោយមានការខូចខាតដល់លំនៅដ្ឋានរបស់បងប្អូន ហើយឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោកតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ដើម្បីជួយសម្រាលទុក្ខលំបាក ឲ្យបានទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ”

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង , ការលាងសម្អាតដៃជាប្រចាំ, ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” អោយបានគ្រប់គ្នា ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ និង អាវយឺតចំនួន ៤ ។

ដោយឡែក ចំពោះថវិកា ក៏បានផ្តល់ជូន តាមទំហំខូចខាត គឺ អ្នកដែលរងការខូចខាតធ្ងន់ ៩គ្រួសារ ផ្តល់ជូនក្នុង ១គ្រួសារចំនួន ៣០០,០០០ រៀល ហើយ អ្នកដែលរងការខូចខាតស្រាល ៥៧គ្រួសារទៀត មួយគ្រួសារ ទទួលបាន ១០០,០០០ រៀល ។

ជាមួយនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានចាត់អោយ តំណាង នាំយកសម្ភារ អំណោយ ផ្តល់ជូន បងប្អូនរងគ្រោះ ទាំង ៦៦គ្រួសារ ក្នង ១គ្រួសារ ទទួលបាន អង្ករ ១០គក្រ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ និង ថវិកា ១៣០,០០០ រៀល ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។