ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាដាច់ណាត់ឱ្យបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទនៅលើបឹងទន្លេសាបទាំងអស់ 

(ភ្នំពេញ)៖ ថ្លែងចេញពីក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់ និងការទន្ទ្រានដីព្រៃលិចទឹកនៅបន្តកើតមាន។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការបង្ក្រាបជនល្មើសទៀតផង ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចដេញតាមបង្រាបក្រុមជនល្មើសមិនទាន់។ បទបញ្ជាសារជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទ និងបូកសរុបការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

នៅចំពោះថ្នាក់ដឹកនាំ ជាពិសេសអភិបាលខេត្តជុំវិញបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអភិបាលខេត្តទាំងនោះ រៀបចំផែនការនៅពេលត្រឡប់ទៅវិញ ដើម្បីបន្តបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព។

ទាក់ទនិនឹងប្រតិបត្តិការបទល្មើសនេសាទ ដែលការបង្ក្រាបនៅមិនទាន់មានប្រសិទ្ធខ្លាំងនៅឡើយនោះ ក៏មានអ្នកផ្តល់យោបល់ឱ្យឯកជនកាន់កាប់ឡូតិ៍នេសាទឡើងវិញ តែត្រូវសម្តេចបដិសេធ និងច្រានចោលទាំងស្រុង។ ចំពោះករណីនេះសម្តេចតេជោ ហ៊ុន សែន បានរំឮកពីបទបញ្ជារបស់សម្តេចកាលពី១០ឆ្នាំមុន ឱ្យលុបបំបាត់ចោល ហើយបង្កើតជាសហគមន៍នេសាទជំនួសវិញ ព្រោះតែការកាន់កាប់ឡូតិ៍នេសាទនេះ បានធ្វើឱ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋយ៉ាងខ្លាំង រហូតធ្វើឲ្យមនុស្លាប់ និងមានការចាប់ចងដាក់ពន្ធនាគារទៀតផង ដោយគ្រាន់តែពលរដ្ឋជិះកាត់តែប៉ុណ្ណោះ។

សម្តេចតេជោ ក៏បានណែនាំឱ្យទូរទស្សន៍ជាតិ សហការជាមួយទូរទស្សន៍ផ្សេងទៀត ចាក់ផ្សាយឡើងវិញពាក់ព័ន្ធនឹងការអត្ថាធិប្បាយជាង ៤ម៉ោងរបស់សម្តេចពាក់ព័ន្ធនឹងលុបបំបាត់ឡូតិ៍នេសាទនេះ។

សម្រាប់បទបញ្ជានេះ សម្តេចតេជោ ហ៊ុន សែន ក៏ដាក់បទបញ្ជាឱ្យវៃខ្នោះជនលើ្មសនេសាទ ដោយមិនចាំបាច់មានគោលនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រព្រឹត្តបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប មិនមែនជាអ្នកក្រទេ ហើយសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាច តែអាបទល្មើសធំ បង្ក្រាបអត់បានទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបទល្មើសព្រៃឈើផងដែរ គឺត្រូវបង្ក្រាបឲ្យបាន។ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាហាមផ្តាច់មិនឱ្យមានសកម្មភាពទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ឡើងវិញនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រឹងប្រែងជាច្រើនរបស់រាជរដ្ឋាភិបាល ត្រូវកប់បាត់ព្រោះតែមន្ត្រីខិលខូចឃុបឃិតជាមួយជនល្មើស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនិយាយមន្ត្រីនាំគ្នាធ្វើ ពេលអត់និយាយអត់នាំគ្នាធ្វើ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសនេសាទ ជាពិសេសការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបនេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីដាក់ចេញវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់។

ការរៀបចំកិច្ចប្រជុំជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

ថ្នាក់ដឹកនាំក្រសួងស្ថាប័នដទៃ ដែលចូលរួមកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប នៅយប់នេះមាន លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក វេេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមន្រ្តីពាក់ពន្ធមួយចំនួនទៀត។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕ (FN)

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។