(កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អាជ្ញាធរស្រុកកំពង់សៀម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លឌថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៧២គ្រួសារ រស់នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើង និង របើកដំបូល សាលាឃុំ ព្រះវិហារ កុដិ វត្តចំនួន ២ និង ផ្ទះប្រជាពលរដ្ឋ ចំនួន ៧២ខ្នង កាលពីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
គួររំលឹកថា កាលពីដើមសប្តាហ៍នេះ ខ្យល់កន្ត្រាក់ បានបង្កមហន្តរាយ នៅ ៦ភូមិ នៃឃុំ ២ របស់ស្រុកចំការលើ ប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ ចំនួន ៦១ខ្នង ដែលត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជំនួយមនុស្សធម៌ ភ្លាមៗ រួចហើយ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមនូវការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុដែលកើតឡើងដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត លំនៅដ្ឋានរបស់បងប្អូន បែបនេះ ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ19 ដោយត្រូវអនុវត្តអោយខាងតែបាននូវ វិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” ពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លង កុំអោយជម្ងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយ នេះ វាយលុក រាតត្បាតចូលក្នុងគ្រួសារ និងសហគមន៍ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៧២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖
អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺតចំនួន ០២ ផងដែរ។
ដោយឡែក ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកកំពង់សៀម- ជើងព្រៃ ក៏បានផ្តល់ថវិកា ជូនចំពោះ អ្នកដែលខូចខាតធ្ងន់ ចំនួន ៩គ្រួសារ – ខូចខាតមធ្យម ចំនួន ២៧គ្រួសារ និង អ្នកខូចខាតស្រាល ចំនួន ៣៦ គ្រួសារ ទទួលបាន ថវិកា តាមទំហំខូចខាតជាក់ស្តែង អស់ទឹកប្រាក់ សរុប ៣១,៣៧៤,៩០០ រៀល ផងដែរ៕ ចៅ វង្ស i.k.