ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមរបស់គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូក្រុមហ៊ុនបានបង្ហាញពីការចាប់អារម្មណ៍ និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថាជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ព្រមទាំងជាអង្ករដែលបានឈ្នះពានរង្វាន់ដល់ទៅ៥ដងផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការនាំចេញអង្ករពីកម្ពុជា ដែលយើងផ្តោតទៅលើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារនៃប្រទេសហុងកុង ផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកនាំចូល និងមិនផ្តោតលើប្រកួតប្រជែងតែខាងផ្នែកបរិមាណនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យខាងក្រុមហ៊ុនជំរុញការនាំចូលអង្ករសែនក្រអូប និងផ្តារំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដោយបង្កើនការផ្សព្វផ្សាយនិងភាពទាក់ទាញ ដើម្បីធ្វើទីផ្សារអង្ករកម្ពុជាមានតម្រូវការទូលំទូលាយពីអ្នកបរិភោគនៅហុងកុង ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារ និងមានម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណនៃអង្ករកម្ពុជាមួយពិតប្រាកដ។ ការងារនេះក៏នឹងត្រូវមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជននៅកម្ពុជាផងដែរ ដូចជាសហព័ន្ធស្រូវអង្ករជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។