ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរ ឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន

(ភ្នំពេញ)  :នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន និង វរសេនីយ៍ឯក ជូ សួយហ្វី ប្រធានស្តីទីការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃ១កុម្ភៈ ខាងមុខនេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីអំណរសាទរ និងជូនពរឯកអគ្គរដ្ឋទូតចិន អនុព័ន្ធយោធាចិន ព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យលើគ្រប់ការងារក្នុងឆ្នាំថ្មី ដែលបក្ស រដ្ឋ ប្រគល់ឲ្យ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល កងទ័ពប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់កម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំង​ផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ ជា​ពិសេសជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្រប​សម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេស​ចិន។

ក្នុងកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយឯកឧត្ដមបានមានជឿជាក់ថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។