ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ដឹកនាំប្រជុំពិភាក្សាការងារ ជាមួយមូលនិធិគីណាល់

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានប្រជុំពិភាក្សាការងារស្តីពីការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជាមួយមូលនិធិគីណាល់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណចំពោះភាពជោគជ័យនៃការប្រកួតប្រជែងត្នោតមាសកន្លងមក។ ទាក់ទងនឹងការកែច្នៃប្រហុកសម្រាប់ពាណិជ្ជកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្តោតទៅលើទាំងបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែច្រវាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ជាគោលនយោបាយ ត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ ដោយតម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការនិងស្តង់ដាទីផ្សារ។ ដើម្បីជំរុញការងារនេះ ក្រសួងជួយគាំទ្រ ទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។

សូមជម្រាបជូនថា ប្រហុកត្រូវបានចាត់ទុកជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ដែលជាផលិតផលមួយដ៏សំខាន់ចូលរួមក្នុងសន្តិសុខស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទ។ បើតាមអង្គការ UNIDO បានឱ្យដឹងថាប្រជាជនកម្ពុជាបរិភោគប្រហុកជាមធ្យមប្រមាណចំនួន ១៨ក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ។

កម្ពុជាមានសមត្ថភាពនៃការផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ ប្រមាណចំនួន ៨.៩០០តោន ក្នុងមួយឆ្នាំ ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន ១៨២សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជាប្រទេសបារាំង អាមេរិក កូរ៉េ ជាដើម។

ចំពោះគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាគោលដៅខេត្តកែប នឹងជំរុញឱ្យក្លាយទៅជាកសិ-ទេសចរណ៍ ដែលតម្រូវឱ្យធ្វើការថែរក្សាការនេសាទ និងព្រៃកោងកាងឱ្យបានល្អ ដើម្បីជួយឱ្យសហគមន៍នេសាទឱ្យមានជីវភាពធូរធារ ដោយត្រូវធ្វើការអភិរក្សវិស័យជលផលឱ្យបានល្អ និងអភិវឌ្ឍន៍ការងារវារីវប្បកម្មឱ្យរីកចម្រើន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។