ព័ត៌មានជាតិ

ជនបរទេសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្តាលឱ្យរថយន្តមកពីក្រោយកិនស្លាប់!

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀតបានរត់គេចខ្លួន ខណៈដែលបើកម៉ូតូលឿនស្របទិសគ្នាហើយទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួល ត្រូវរថយន្ត២គ្រឿងបើកមកពីក្រោយកិនពីលើបុរសជនបរទេស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1HK-0335 ជិះតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសជាជនបរទេសម្នាក់ជិះម៉ូតូម៉ាកហុងដា PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IM-4311 ស្របគ្នាបានជ្រុលទៅទាក់ដៃចង្កូតម៉ូតូស្មាស់វីបណ្តាលឱ្យដួលម៉ូតូទាំងសងខាង ស្របពេលនោះមានរថយន្ត២គ្រឿងមិនចាំម៉ាកធ្វើដំណើរមកពីក្រោយបានកិនបុរសជនបទេសពីលើបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបានបន្ថែមល្បើនទៅមុខបាត់ស្រមោល។ ចំណែកឯអ្នកបើកម៉ូតូម៉ាកស្មាស់វីរងរបួសស្រាល ហើយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។