ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ប្រមាណជិត១.០០០នាក់ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង បន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភាផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា អង្គសន្និបាតរបស់យើងនាពេលនេះ គឺជាឱកាសដ៏សមស្របសម្រាប់យើងទាំងអស់គ្នា រួមគ្នាធ្វើការវាយតម្លៃអំពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃ បានត្រឹមត្រូវគ្រប់ជ្រុងជ្រោយលើសមិទ្ធផល បទពិសោធន៍ដែលទទួលបាន បញ្ហាប្រឈម និងដំណោះស្រាយដែលនៅសេសសស់ យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ការងារក្នុងឆ្នាំ២០២៤ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់តាមគោលដៅអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ជាមួយគ្នានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងនេះ ភាពជោគជ័យដែលកម្ពុជាយើង ក្នុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។