ព័ត៌មានជាតិ

លោក យឹម យូគង់ និងសហការី បាននាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន០១គ្រួសារ ស្ថិតនៅក្នុងភូមិបាប្រិយ៍ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល

ស្រុកស៊ីធរកណ្ដាល៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស៊ីធរកណ្ដាល និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន០១គ្រួសារ ស្ថិតនៅក្នុងភូមិបាប្រិយ៍ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីវេលាម៉ោង ០១ និង ៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

​នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកបែបនេះ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​”​ និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះ លោកប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីចៀសវៀងកុំអោយជួបប្រទះនូវគ្រោះមហន្តរាយបែបនេះទៀត ដោយមិនត្រូវដុតទៀនធូបទុកចោល ឬមានការធ្វេសប្រហែសជាមួយនិងវត្ថុទាំងឡាយណាដែលអាចបង្ករអោយមានជាអគ្គីភ័យនោះឡើយ និងសូមខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ ជាពិសេស សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩​គឺ ៣ការពារ​ និង​ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និងចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងបានគ្រប់ដូស។

សម្ភារៈផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ៥០គ.ក ទឹកសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ទឹកស៊ីវអ៉ីវ១យួរ ត្រីខ១យួរ ប្រេងឆា១ដបធំ សម្ភារៈផ្ទះបាយ២ឈុត សម្ភារៈដំណេក២ឈុត និងថវិកា ២០០,០០០ រៀល។ ក្រុមកាកបាទក្រហមឃុំព្រែកចង្ក្រាន ចូលរួមបន្ថែមនូវ អង្ករ ២៥គ.ក និងថវិកាចំនួន ១០០,០០០ រៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។