ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលចូលបំភ្លឺ ពាក់ព័ន្ធអំពើពុករលួយ

(កណ្តាល) ៖ យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី១២ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលត្រូវបានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតកោះហៅឲ្យចូលបំភ្លឺករណីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច។

បើតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ពាក្យបណ្តឹងដែលអង្គភាពACUទទួលបានគឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងលិខិតបានបញ្ជាក់ថា លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបាន៖

-យកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ ចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ។

-កិបកេងថវិកា រៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួងផ្ដល់ជូនមន្ទីរចំនួន៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។

-បញ្ជាឲ្យមន្ត្រីទាមទារថ្លៃ សេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែង ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់។

ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺពីប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបាននៅឡើយទេ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។