ព័ត៌មានជាតិ

ម្ចាស់​ម៉ូតូ​ចូល​ដក​លុយ​នៅផ្ទះ​វី​ង​មួយ​ភ្លែត ងាក​មក​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ខ្លួន​រត់!

(​ភ្នំពេញ) ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដែល​ម្ចាស់​ចត​ទុក​នៅ​ក្បែរ​ផ្ទះ​ជួល​មួយ​កន្លែង ហើយ​រវល់​ចូល​ទៅ​ដក​ប្រាក់​នៅផ្ទះ​វី​ង​ជិត​នោះ លុះ​ពេល​លួច​បាន​សម្រេច​ជនសង្ស័យ​រូប​នេះ​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ជិតខាង​ក៏​បាន​ជិះ​ម៉ូតូឌុប​ដេញ​តាម​រហូត​ឃាត់ខ្លួន​បាន​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ភោគ កុសល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នាច​ជើង ឃុំ​បឹង​ត្រាច់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ នឹង​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ជន​នេះ​បាន​សារភាព​ប្រាប់​នគរបាល​ថា «​មក​ពី​ខ្លួន​គ្មាន​លុយ​ចាយ ជា​ពិសេស​កន្លង​មក ខ្លួន​ក៏​ធ្លាប់​ត្រូវ​ចោរលួច​ម៉ូតូ​អស់​១​គ្រឿង​ផង​ដែរ ទើប​ពេល​នេះ ខ្លួន​លួច​យក​ម៉ូតូ​អ្នក​ផ្សេង​ជា​ការ​សងសឹក​វិញ​»​។

ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​សកម្ម​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-8591 ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ ជា វី​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត ភូមិ​បឹង​ម្ន​ង ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ខាងលើ​បាន​ជិះ​ម៉ូតូឌុប​កូន​ទៅ​រៀន បន្ទាប់​មក​ក៏​ឆ្លៀត​ទៅ​ដក​លុយ​នៅផ្ទះ​វី​ង​មួយ​កន្លែង ហើយ​ពេល​ទៅ​ដល់​បាន​ទុក​ម៉ូតូ​នៅ​ជិត​ផ្ទះ​ជួល​ក្បែរ​ផ្ទះ​វី​ង​ដែរ​។ ខណៈ​ពេល​កំពុង​តែ​ជាប់រវល់​ដក​ប្រាក់ ស្រាប់តែ​ក្រឡេក​ឃើញ​ជនសង្ស័យ​លួច​យក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។
ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ភ្លាម ពេល​នោះ​អ្នក​ជិតខាង​ក៏​បាន​យក​ម៉ូតូ​ជិះ​ឌុ​ប​បុរស​រង​គ្រោះ​ចេញ​ទៅ ដើម្បី​ជិះ​ដេញ​តាម​ជនសង្ស័យ​បណ្តើរ និង​ស្រែ​កថា «​ចោរ​ៗ​បណ្តើរ​» រហូត​ដល់​ចំណុច​ស្ពាន​អាកាស​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន បន្ទាប់​មក​ក៏​បាន​ប្រគល់​ជនសង្ស័យ​ឱ្យ​សមត្ថកិច្ច ដើម្បី​នាំ​ខ្លួន​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។