ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១០លានរៀល លើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់បាក់ឌុប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកា១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។

សម្តេចបានចាត់ចែងឲ្យលោក សេង ទៀង យកថវិកា១០លានរៀលប្រគល់ជូនលោកស្រី ហែម ស៊ីណាត សម្រាប់ជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្រស្ទើរមួយជីវិត។

លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២។ ទោះជាមិនបានជាប់ក្នុងការប្រឡងបាក់ឌុប ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមនោះទេ ដោយប្តេជ្ញាបន្តប្រឡងជាថ្មីនៅឆ្នាំក្រោយទៀត ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន។
ការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនមានអាយុក្មេងជាងគេឈ្មោះ គីម ហុង អាយុ១៣ឆ្នាំ ប្រឡងជាប់និទ្ទេស C និងបេក្ខជនចាស់ជាងគេគឺលោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕(FN)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។