ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន

(ភ្នំពេញ) :នៅល្ងាច ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងត្រឡប់ទីក្រុងប៉េកាំងប្រទេសចិន បន្ទាប់ពីព្រះអង្គបានយាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារួចរាល់ កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា ចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអត្តពលិកចូលរួមប្រកួតជិត ៣,០០០នាក់ មកពី ៩១ប្រទេស ដោយប្រកួតប្រជែងលើ វិញ្ញាសា ចំនួន១៥ និងមានកម្មវិធីប្រកួតចំនួន១០៩កម្មវិធី លើប្រភេទកីឡាចំនួន ៧ប្រភេទ។ ពិធីបើកព្រឹត្តិការណ៍នេះ ធ្វើឡើង ក្រោមអធិបតីភាពប្រធានាធិបតីចិន Xi Jinping និងមានការចូលរួមពីសំណាក់មេដឹកនាំលើពិភពលោកជាង ២០រូបទៀត។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។