ព័ត៌មានជាតិ

មេឈ្មួញជ្រកក្រោមស្លាកក្រុមហ៊ុន ស៊ីងបាយអូថេក កំពុងសម្រុកកាប់ឈើដឹកជញ្ជូនឈើចេញពីព្រៃឡង់ ខេត្តក្រចេះ យ៉ាងមហន្តរាយ!

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំជ្រោយបន្ទាយ និងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗ ជា​ពិសេសឈ្មួញជ្រកក្រោមស្លាកក្រុមហ៊ុន ស៊ីងបាយអូថេក នៅតែអាចធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។

ប្រជាពលរដ្ឋបានកត់សម្គាល់ថា ការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកសំបូរ ខេត្តក្រចេះ នាពេលកន្លងមក បានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងងងើល។

លើសនេះទៅទៀតលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៅតែរងការរិះគន់ថាជាអ្នកបណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ក្នុងស្រុកសំបូរ និងស្រុកព្រែកប្រសព្វ និងធ្វើអ្វីៗតាមអំពើចិត្ត ហើយព្យាយាមដោះសារបិទបាំងការពិត។

សេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឡង់​ក្នុងខេត្តក្រចេះ និងប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ក្រុមឈ្មួញដែលជ្រកក្រោមស្លាកយីហោក្រុមហ៊ុន ស៊ីងបាយអូថេក នៅតែបន្តធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីព្រៃឡង់ តាមអំពើចិត្តដដែល។

ក្នុងនោះឈ្មួញឈ្មោះ ហេង​ សុខជា​ ហៅជាសណ្តាន់ សហការជាមួយមន្ត្រីនគរបាលឈ្មោះ ភាជ សុផាត នៅប៉ុស្តិ៍សណ្តាន់ និងឈ្មោះ សាយ ប្រាំង ជាមេសន្តិសុខនិងជាមេការក្រុមហ៊ុន ស៊ីងបាយអូថេក បំពានកាប់ឈើដឹកចេញពីព្រៃឡង់យ៉ាងរលូន។

ឈ្មួញមួយក្រុមនេះដឹកជញ្ជូនឈើចេញពីព្រៃឡង់ចូលទីតាំងក្រុមហ៊ុនស៊ីងបាយអូរថេក ហើយជួនកាលដឹកជញ្ជូនឈើឆ្លងកាត់ទីតាំងក្រុមហ៊ុន ស៊ីអេកភីប៊ី ដោយគ្មានមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ក្រុមឈ្មួញទាំងនោះទេ​។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថា​ន និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ត្រូវតែចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ជាបន្ទាន់។

ដោយហេតុថា​ បច្ចុប្បន្នឈ្មួញឈ្មោះ ហេង សុខជា ហៅជាសណ្តាន់ ព្រមទាំងបក្ខពួកនៅតែធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនឈើ ចេញពីព្រៃឡង់តាមគោយន្តកន្ត្រៃ និងតាមរថយន្តយ៉ាងពេញបន្ទុក ហើយលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងលោក នួន ពៅរតនៈ មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ សម្ងំស្ងាត់ឈឹង។

សូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក លន សុផាត់ ស្នងការនគរបាលខេត្តក្រចេះ ក៏មិនហ៊ានបង្ក្រាបក្រុមឈ្មួញដែលធ្វើសកម្មភាពបំផ្លាញព្រៃឡង់ យ៉ាងមហន្តរាយនោះដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។