ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ !

(កំពង់ចាម) នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយឯកឧត្តមអភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការនិងសាសនា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកំពង់ចាម និងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមប្រព័ន្ធបច្ចេកវិទ្យា (Zoom) ក្នុងគោលបំណងស្ដាប់របាយការណ៍របស់សមាគម និងកិច្ខសម្របសម្រួលទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម ។

គួរបញ្ជាក់ថា សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបំពេញបេសកកម្មការងារ ផ្ដើមចេញពីការគាំទ្ររបស់ថ្នាក់ដឹកនាំសមាគមជាបន្តបន្ទាប់ ដោយបានធ្វើសកម្មភាពជួយដល់ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២០ ដែលគិតជាទឹកប្រាក់ប្រមាណ 3 លានដុល្លារ សហរដ្ឋអាមេរិករួចមកហើយ ក្នុងនោះផ្តោតទៅលើលើវិស័យមួយចំនួនដូចខាងក្រោម:

-វិស័យអប់រំ ដោយធ្វើការជួសជុលអាគារវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។
-វិស័យទឹកស្អាត អណ្ដូងទឹក បង្គន់អនាម័យ និងកន្លែងលាងដៃនៅតាមសាលារៀន និងសហគមន៍នានាទូទាំងខេត្តកំពង់ចាម ។
-វិស័យមនុស្សធម៌ តាមរយៈការចែកស្បៀងអាហារ ។
-ជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋនៅស្រុកកង់មាស ។
-វិស័យសុខាភិបាល មានការកែលម្អ បណ្ដុះបណ្ដាល និងបំពាក់សម្ភារៈបរិក្ខាពេទ្យ ។

ទិសដៅសម្រាប់ឆ្នាំ២០២១នេះ សមាគមបានបន្តជួយលើវិស័យសុខាភិបាលទូទាំងខេត្តកំពង់ចាម ដោយបានពង្រីកវិសាលភាពជំនួយរហូតទូទាំង១០ក្រុង/ស្រុក ផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។