ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះ លាង ធ្វើសកម្មភាពដឹកជញ្ជូនពីស្រុកវ៉ើនសៃ និងស្រុកអូរជុំ ចូលក្រុងបានលុង គ្មានសមត្ថកិច្ចណាបង្ក្រាប!

ប្រភពថ្មីៗពីប្រជាពលរដ្ឋរស់នៅ វ៉ើនសៃ និងស្រុកអូរជុំ ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ លាង នៅតែជួលឲ្យប្រជាពលរដ្ឋដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ និងពីឃុំកាឡៃ​ ស្រុកអូរជុំ ចូលទៅក្រុងបានលុង យ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចណាបង្ក្រាបទាល់តែសោះ។

សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃពីស្រុកវ៉ើនសៃ និងស្រុកអូរជុំ ចូលទៅក្រុងបានលុង ចាប់ផ្ដើមពីព្រលប់រហូតដល់ជិតភ្លឺ ព្រោះឈ្មួញឈ្មោះ លាង មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។​

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចាត់វិធានការបង្រ្កាបឈ្មួញឈ្មោះ លាង ជាបន្ទាន់។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ចាប់តាំងពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ឈ្មួញឈ្មោះ លាង ជាកូនប្រសាឈ្មួញឈើឈ្មោះ តុង ហាន ដែលមានលំនៅដ្ឋានជាប់របងវត្ត និងទល់មុខវត្តអូរជុំ បានធ្វើសកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃ ចូលទៅក្រុងបានលុង យ៉ាងគំហុក។​

នៅតាមផ្លូវពីស្រុកអូរជុំ​ ទៅក្រុងបានលុង និងពីស្រុកវ៉ើនសៃ ចូលក្រុងបានលុង មានស្នាក់ការរដ្ឋបាលព្រៃឈើ​ ស្នាក់ការបរិស្ថាន និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចជាច្រើនកន្លែង ប៉ុន្តែឈ្មួញឈ្មោះ លាង នៅតែអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។

ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកវ៉ើនសៃ និងស្រុកអូរជុំ ខេត្តរតនគិរី ចៀសមិនផុតពីសេចក្ដីវិនាសឡើយ ព្រោះឈ្មួញឈ្មោះ លាង នៅតែអាចដឹកជញ្ជូនឈើយ៉ាងគឃ្លើន។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ​លាង បានឲ្យដឹងថា មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកវ៉ើនសៃ និងស្រុកអូរជុំ ទទួលបានផលប្រយោជន៍ពីឈ្មួញម្នាក់នេះ ជាប្រចាំទើបមិនចាត់វិធានការបង្ក្រាប ហើយបណ្ដោយឲ្យឈ្មួញឈ្មោះ លាង ធ្វើអ្វីៗតាមអំពើចិត្ត។

ហេតុនេះលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន​ អភិបាលខេត្តរតនគិរី មិនគួរបណ្ដោយឲ្យឈ្មួញឈ្មោះ លាង ដឹកជញ្ជូនឈើខុសច្បាប់តាមអំពើចិត្តទៀតឡើយ។

ដោយហេតុថាបច្ចុប្បន្នឈ្មួញឈ្មោះ លាង​ នៅតែជួលប្រជាពលរដ្ឋឲ្យដឹកឈើតាមម៉ូតូកែច្នៃពីស្រុកវ៉ើនសៃ និងស្រុកអូរជុំ ចូលមកក្រុងបានលុង យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។