ព័ត៌មានជាតិ

លោក ជិន ប៊ុនធឿន ត្រូវបានតែងតាំងជាអភិបាលខណ្ឌឫស្សីកែវថ្មី ជំនួសលោក ឯក ឃុនដឿន ដែលត្រូវតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ អភិបាលខណ្ឌឫស្សីកែវថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដោយលោក ជិន ប៊ុនធឿន ពីនាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខណ្ឌថ្មី ជំនួសលោក ឯក ឃុនដឿន ដែលត្រូវតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។

ពិធីប្រកាសឱ្យកាន់តំណែងនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

នាឱកាសនោះឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអភិបាលខណ្ឌឫស្សីកែវ ដែលទើបឡើងថ្មី ត្រូវបំពេញការងារឱ្យបានល្អប្រសើរ ពិសេស ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។

អភិបាលរាជធានីភ្នំពេញ បានបន្តថា ការរៀបចំស្ដាប់ធ្នាប់ត្រូវតែធ្វើឱ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។ បើយើងនៅតែបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋនឹងនៅតែគោរពស្រលាញ់យើង បោះឆ្នោតអោយយើងឈ្នះនៅឆ្នាំ២០២៧ខាងមុខទៀត។

ឯកឧត្តម ឃួង ស្រេង ក៏បានផ្ដាំផ្ញើដល់មន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍គួរបង្ហាត់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យចេះធ្វើការងារ ពោលគឺ នៅពេលដែលយើងចូលនិវត្តន៍ គឺពួកគាត់អាចបន្តវេនពីខ្លួនយើងបាន។

ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវថ្មី បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ប្តេជ្ញាបំពេញការងារឱ្យបានទ្វេដង។ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនឱ្យកម្លាំងណាមួយមកបំផ្លាញបានឡើយទោះបីក្នុងតម្លៃណាក៏ដោយ។ លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ អនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំដោះស្រាយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានឱ្យបានល្អ និងទប់ស្កាត់ទំនាស់ដីធ្លីថ្មីកុំឱ្យបន្តកើតមានទៀត និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។