ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ស្រុកជើងព្រៃ បាននាំយកអាវរងារ និងថវិកាមួយចំនួនទៀតមក ចែកជូនចាស់ជរាចំនួន ៦៧៩ (ស្រ្តី ៤៨៥)

នៅវេលាម៉ោង ១៣:០០ រសៀលថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ព្រមទាំងសហការី និងអាជ្ញាធរស្រុកជើងព្រៃបាននាំយកអាវរងារ និងថវិកាមួយចំនួនទៀតមក ចែកជូនចាស់ជរាចំនួន ៦៧៩ (ស្រ្តី ៤៨៥) តំណាងឲ្យចាស់ជរាដែលអញ្ជើញមកពីឃុំទាំង ១០ នៃស្រុក គឺ៖ ឃុំខ្នុរដំបង ៦១នាក់ ឃុំគោករវៀង ៤២នាក់ ឃុំផ្តៅជុំ ៥៣នាក់ ឃុំព្រៃចារ ៦៣នាក់ ឃុំព្រីងជ្រុំ ៦២នាក់ ឃុំសំពងជ័យ ២០៩នាក់ ឃុំស្តើងជ័យ ៥២នាក់ ឃុំសូទីប ៦៧នាក់ ឃុំ ស្រម៉រ ២០នាក់ និងឃុំត្រពាំងគរ ៥០នាក់។

មានមតិសំណេះសំណាលជាមួយលោកយាយ លោកតា ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន មកជូនលោកយាយ លោកតាទូទាំងស្រុកជើងព្រៃ ដោយឡែកលោកយាយ លោកតាដែលអញ្ជើញមកទទួលអំណោយនារសៀលថ្ងៃនេះ ហើយសម្តេចបានជូនពរឲ្យលោកតា លោកយាយទទួលបាននូវពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ភ្ជាប់ជាមួយអំណោយនេះ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ របស់ឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីការពារ និងថែរក្សាសុខភាពលោក យាយ លោកតា ក្នុងអំឡុងពេលរដូវរងារនេះ។ នេះមិនមែនជាអំណោយលើកទីមួយ ហើយក៏មិនមែនលើកចុងក្រោយដែរ ដ៏រាបណាប្រទេសយើងមានសុខសន្តិភាព ហើយមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នឹងនៅតែបន្តបំពេញតួនាទីបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌដើម្បីការអភិវឌ្ឍ ជីវភាពសម្បូរសប្បាយ និងសុខុមារភាពរបស់លោកយាយ លោកតាល្អប្រសើរ។ ដូច្នេះ ក្នុងនាមប្រជាពលរដ្ឋទូទាំងស្រុកជើងព្រៃ ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ជានាយករដ្ឋមន្រ្តីនៅអាណត្តិបន្តបន្ទាប់ទៀត។

នាឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកអាវរងារមកចែកជូនលោកតា លោកយាយម្នាក់មួយៗ និងថវិកា ៥០ ០០០រៀល។ ដោយឡែក លោកយាយ លោកតាដែលមិនបានអញ្ជើញមកចូលរួម លោកបានណែនាំឲ្យឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះនាំយកអំណោយនេះទៅចែកជូនលោកយាយ លោកតាតាមមូលដ្ឋានផ្ទាល់ខ្លួនឲ្យបានទាន់ពេលវេលា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។