ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បើកវេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់!

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្នើឲ្យគ្រប់បណ្ដាមូលដ្ឋានទាំងអស់ ត្រូវគៀងគររកដៃគូរបន្ថែម ដែលជាសប្បុរសជន ក្នុង និងក្រៅប្រទេស ដើម្បី ជួយដល់ការងារអភិវឌ្ឍន៍របស់យើង ទោះជាក្នុង ឬក្រៅគម្រោងក៏ដោយ សំដៅធ្វើយ៉ាងណា ឲ្យការអភិវឌ្ឍន៍ ក្នុងដំណាក់កាលកូវីតនៅតែបន្តជាប់ជារៀងរហូត ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពីធីបើកវេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុងស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធវិដែអូរ Zoom នៅសាលប្រជុំ សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ។ វេទិកា និងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធានមន្ទីរវិស័យអង្គភាព ស្ថាប័ននានា ជុំវិញខេត្ត និងអង្គការ ក្រៅរដ្ឋាភិបាល ជាដៃគូរក្នុងការគាំទ្រ និងទទួលយកគំរោងនានា ជាអាទិភាព ដែលស្រុក ក្រុង ឃុំ សង្កាត់ បានស្នើឡើង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម បានលើកឡើងថា វេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក សង្កាត់ នាពេលនេះ គឺមានសារសំខាន់ដែលយើងទាំអស់គ្នា ត្រូវធ្វើការពិភាក្សា ឲ្យបានល្អិតល្អន់ ទៅលើគម្រោងដែលជាអទិភាព សម្រាប់ស្រុក ក្រុង ឃុំ សង្កាត់ ដែលបានស្នើឡើង និងបានឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ ។ នៅក្នុងឱកាសនោះដែរ ឯឧត្តមក៏បានសំដែង នៅក្ដីសោមនស្សរីករាយ ចំពោះលទ្ធផល ដែលបានផ្ដល់ការគាំទ្រ ពីសំណាក់ក្រសួងស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ ដែលបានកំពុងគាំទ្រដល់ការអនុវត្តគោលនយោបាយ វីមជ្ឈការនិងសហវិមជ្ឈការ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ គឺបានតម្រូវឲ្យមន្ទីរវិស័យអង្គការដៃគូរអភិវឌ្ឍន៍ ជួយគាំទ្រគម្រោងសកម្មភាព ជាអាទិភាព របស់រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដែលមិនទាន់មានការគាំទ្រ សម្រាប់ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានលើកឡើងបន្ថែម ដោយសូមឲ្យមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត ដែលពាក់ព័ន្ធ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ដែលធ្លាប់តែជួយគាំទ្រគម្រោង សូមជួយពិនិត្យឲ្យបានល្អិតល្អន់ លើគម្រោង ដែលជាអាទិភាព បម្រើចំទិស ដែលជាតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។