ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ១ខ្សែ មានប្រវែង ២.១៥៨ម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅក្នុងខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ ជាច្រើននាក់ ផងដែរ ។

ក្នុងរបាយការណ៍ របស់លោក ទុន ស៊ាង មេឃុំពាមកោះស្នា បានឲ្យដឹងថា ដោយមើលឃើញអំពីតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋ និងការចូលរួមចំណែកអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ បានផ្ដល់នូវសមិទ្ធិផលថ្មី ជាផ្លូវបេតុង ១ខ្សែ ស្ថិតនៅភូមិដីលើ ឃុំពាមកោះ ដែលជាអំណោយ របស់ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា ហ៊ុន តូ ។ ផ្លូវ ១ខ្សែ នេះ មានប្រវែង ២.១៥៨ម៉ែត្រ ទទឹង ៤,១២ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ សាងសង់ពីឆ្អឹងដែក បាតក្រាលជាថ្មមិច កំរាស់ ១ទឹក បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ពោលគឺ អនុវត្តរួចរាល់មុនពេលកំណត់ ១ខែ ហើយបានដាក់ឱ្យដំណើរការសម្ភោធប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ ។ ជំនួសមុខឱ្យអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ក្នុងឃុំពាមកោះស្នា សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ដែលបានបរិច្ចាកទ្រព្យធន ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់កសាងសមិទ្ធផល ដ៏ថ្លៃថ្លាមួយនេះឡើង ។

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម មានប្រសាសន៍ថា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ជាអាទិភាព ៖ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ ។ ស្របតាមកម្មវិធីនយោបាយនេះ ជាពិសេស ការពិនិត្យអំពីស្ថានភាពលំបាក និងដើម្បី ឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ ឯកឧត្ដមផ្ទាល់ ក៏បានដឹកនាំក្រុមការងារកសាងផ្លូវ ១ខ្សែ នេះឡើង ដើម្បី រួមចំណែកអភិវឌ្ឍន៍ក្នុងមូលដ្ឋាន សម្រួល​ដល់​ការធ្វើដំណើរ​ និងការដឹកដំណាំកសិផល របស់ប្រជាពលរដ្ឋ នៅក្នុង និងក្រៅតំបន់ ។ ជាមួយនោះ ផ្លូវនេះ នឹងបានរួមចំណែក បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានផ្លាស់ទីលំនៅ ពីតំបន់ប្រឈមការបាក់ស្រុតច្រាំងទន្លេ ហើយមករស់នៅទីនេះ ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះ ​ការ​ខិតខំ​ប្រឹងប្រែង ​របស់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅអមសង្ខាងផ្លូវ ដែលបានសហការគ្នាល្អ ជម្រុញធ្វើឲ្យលេចចេញសមិទ្ធផល ដូចថ្ងៃនេះ ដើម្បី យើងទាំងអស់គ្នា បានប្រើប្រាស់ នៅពេលអនាគត ។

ដោយឡែក ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនេះដែរ ឯកឧត្ដម ហ៊ុន ណេង ក៏បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំ និងចូលរួមគោរពច្បាប់ចរាចរ ដើម្បី សុខសុវត្ថិភាព ដល់គ្រួសារសហគមន៍ និងសង្គមជាតិយើង ផងដែរ ។ ជាមួយនោះ បងប្អូន ក៏ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល រួមជាមួយនឹង ការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរ តាមរយៈ ការចូលរួមបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ ដើម្បី ជៀសផុតពីការឆ្លង នៃជម្ងឺកូវីដ ១៩ ជាពិសេស មេរោគបម្លែងថ្មី អូមីក្រុង គ្រប់ៗគ្នា ផងដែរ ។

ផ្សាភ្ជាប់ជាមួយនឹងពិធីខាងលើនោះដែរ ឯកឧត្តម ហ៊ុន ណេង នឹងលោកជំទាវ ក៏បានផ្ដល់ជូនថវិកាដល់ប្រជាពលរដ្ឋ ដែលបានចូលរួម សរុបចំនួន ៤១០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល ។ ឧបត្ថម្ភ ដល់សាលាឃុំពាមកោះស្នា ថវិកា ២លានរៀល កម្លាំងទាំង៣ ក្នុង ១អង្គភាព ថវិកា ៥០ម៉ឺនរៀល និងក្រុមគ្រូពេទ្យប្រចាំការ ថវិកា ចំនួន ៥០ម៉ឺនរៀល ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។