ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម SHEN Danyang អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃជំនួប គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញកសិផល ដូចជា៖ ផ្លែដូង ផ្លែចេកស្រស់ ម្សៅដំឡូងមី កៅស៊ូ និងម្រេច ពីកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេសខេត្តហាយណាន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រវាងខេត្តហាយណាន និងក្រសួងកសិកម្មកម្ពុជានាពេលកន្លងមក។ តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រីរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តដំណើរទៅមុខយ៉ាងរលូន ហើយឈានទៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិន នៅក្នុងវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញដល់គណៈប្រតិភូនៃខេត្តហាយណាន សិក្សាអំពីកសិផលដែលខ្លួនត្រូវការ ហើយក្រសួងកសិកម្មកម្ពុជា និងរូបឯកឧត្តមផ្ទាល់ នឹងជួយសហការធ្វើយ៉ាងណាផលិតកសិផលទាំងនោះ ស្របទៅតាមស្តង់ដារកំណត់ សម្រាប់បម្រើដល់ការនាំចេញ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ផែនការជំនួញ (Business Plan) ជាក់លាក់ និងទីផ្សារពិតប្រាកដ គឺជាគន្លឹះជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជានិងចិន។ ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយទាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការរបស់គម្រោង ដើម្បីឱ្យកើតចេញជារូបរាងឡើង និងទទួលបានផលចំណេញសម្រាប់គ្រប់ភាគីទាំងអស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។