ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញទទួលជួបលោកជំទាវ នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា ដោយបានពិភាក្សាគ្នាអំពីសេណារីយ៉ូនានា

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រ្ខកាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបលោកជំទាវ Maryam Salim នាយិកាគ្រប់គ្រងប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានពិភាក្សាគ្នាអំពីសេណារីយ៉ូនានា ដែលរួមចំណែកឈានទៅកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ ឬសហគមន៍កសិកម្ម ការបង្កើនប្រាក់ចំណេញសម្រាប់កសិករ និងការលើកកម្ពស់ផលិតកម្មឆ្ពោះទៅរកទីផ្សារ និងតម្រូវការទីផ្សារ។

ក្រៅតែពីកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោកនិងក្រសួងដែលមានរួមគ្នាតាមរយៈការអនុវត្តគម្រោងនាពេលកន្លងមក ឯកឧត្តមរដ្ធមន្ដ្រីកសិកម្មបានជម្រាបជូនលោកជំទាវ Maryam Salim អំពីតម្រូវការប្រាក់កម្ចីក្នុងតម្លៃការប្រាក់ទាប ដើម្បីផ្ដល់ជូនដល់វិស័យឯកជន ដូចជា រោងម៉ាស៊ីនកិនស្រូវ ក្នុងការរៀបចំផលិតកម្មកសិកម្ម និងសហគមន៍កសិកម្ម សំដៅកាត់បន្ថយ ឬដោះបន្ទុករបស់កសិករ ឬសហគមន៍កសិកម្ម។

មួយវិញទៀត ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា បានលើកទឹកចិត្តដល់ធនាគារពិភពលោក ពិចារណាផ្ដល់ជំនួយលើគម្រោងទាំងឡាយណាដែលមានទំហំតូចឬមធ្យម តែធានានិរន្តរភាពយូរអង្វែង ជាជាងគម្រោងធំ តែពុំមាននិរន្តភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។