ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិបណ្ដិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ នៅឃុំស្ពឺ ស្រុកចំការលើ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ខែឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយ អភិបាលរងខេត្ត នាយករដ្ឋបាល អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនពលរដ្ឋ និងអាជីវករ ១៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ ដោយសារតែឆ្លងចរន្តអគ្គិសនី ផ្តើមពីបង្គោលភ្លើងតាមថ្នល់ បណ្តាលឱ្យឆេះរាលដាលដល់តូបលក់ដូរទូរស័ព្ទ គ្រឿងអគ្គិសនី តូបអ៊ុតសក់ជាបន្តបន្ទាប់ ហើយបន្តរាលឆេះផ្ទះក្បឿង ទំហំ ១០ម×១៩ម ៣ខ្នងទៀត ជាប់នៅផ្សារស្ពឺ ខូចខាតអស់ទាំងស្រុង នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ ស្រុកចំការលើ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារអាជីវកររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន តូបអាជីវកម្ម និងសម្ភារ អស់គ្មានសល់ ។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះពេលយើងមិននៅ ឬចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូបជាមុនសិន ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀតការសង់តូបលក់ដូរឡើងវិញត្រូវតភ្ជាប់ចរន្តអគ្គិសនី ដោយរៀបចំអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងធានាសុវត្ថិភាព។ ជាមួយនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេសត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល “៣ការពារ និង៣កុំ ១ចូលរួម ” ដើម្បីជៀសអោយផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ បម្លែងថ្មី អូមីក្រុង ។

គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនទាំង ១២គ្រួសារ នាពេលនេះ ក្នុង១ គ្រួសារៗ ទទួលបាន៖
-អង្ករ ២៥ គក្រ, មីជាតិ ១កេស, ត្រីខ ១យួរ , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់, តង់ ១, អាវយឺត ចំនួន៨ ។ ដោយឡែក ចំពោះថវិកាផ្តល់ជូនម្ចាស់ផ្ទះដែលខូចខាតទាំងស្រុង និងជាម្ចាស់តូបរងគ្រោះ ១គ្រួសារ ទឹកប្រាក់ចំនួន ២,០០០,០០០ រៀល ។ ផ្តល់ជូនម្ចាស់តូបរងគ្រោះ ១០គ្រួសារ ក្នុង១គ្រួសារ ៥០០,០០០រៀល និងអាជីវកររងគ្រោះ ២គ្រួសារទៀត ដែលខូចខាត ៤០% ផ្តល់ជូន ១គ្រួសារ ៤០០,០០០រៀលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។