ព័ត៌មានជាតិ

ស្នងការ​រាជធានី​ភ្នំពេញ បំភ្លឺករណី​ប៉ូលិស​ចរាចរណ៍ ឃាត់​រថយន្ត​ព្រួសល្មើស​ភ្លើងស្តុប​ នៅស្ពាន​អាកាស​ផ្សារ​ដី​ហុយ!

(ភ្នំពេញ) ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង​០៨​និង​១៦​នាទី​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣​នេះ បាន​បដិសេធ​ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​វី​ដេ​អូ ចែកចាយ​តាម​បណ្ដាញ​សង្គម ថា មាន​ករណី​សមត្ថកិច្ច​វាយ​បំបែក​កញ្ចក់​រថយន្ត​១​គ្រឿង ម៉ាក​ព្រុស Prius នោះ គឺជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​អាក្រក់ ទម្លាក់​កំហុស​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បកស្រាយ​បំភ្លឺ​ថា តាម​ការ​ពិត ជាក់ស្ដែង​នៅ​វេលា​ម៉ោង​០២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ​២០២៣ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Toyota Prius ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ 2BT-0591 បាន​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ (​ល្មើស​ភ្លើងស្តុប​ក្រហម​) នៅ​ចំណុច​ស្តុ​ប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ពេល​នោះ សមត្ថកិច្ច បាន​ចេញ​មក​ឃាត់ តែ​អ្នកបើកបរ​មិន​ត្រឹមតែ​មិន​ព្រម​ឈប់​ទេ ថែម​ទាំង​បន្ថែម​ល្បឿន បើក​បុក​សមត្ថកិច្ច ថែម​ទៀត​ផង ដោយ​ឃើញ​ស្ថានភាព​បែប​នេះ​សមត្ថកិច្ច បាន​ផ្តេកខ្លួន​ទៅ​ក្បាល​រថយន្ត ឃើញ​ដូច្នេះ អ្នកបើកបរ​រថយន្ត​មិន​ព្រម​ឈប់ នៅ​តែ​បើកបរ​ទៅ​មុខ​រហូត ដល់​ចម្ងាយ​ជាង ១​គីឡូ ។ ដោយ​មានការ​ចេញ​ជួយ​ឃាត់​ពី​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ ទើប​រថយន្ត​បង្ក ព្រម​ឈប់ ជា​សំណាងល្អ ដែល​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សមត្ថកិច្ច ត្រឹមតែ រង​របួស តែ​ប៉ុណ្ណោះ ។

ពេល​នេះ សមត្ថកិច្ច​ជំនាញ កំពុង​ឃាត់​ម្ចាស់​រថយន្ត នាំ​ខ្លួន​យក​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ចំណែកឯ ភាគី​ម្ចាស់​រថយន្ត​ម៉ាក​ព្រុស បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន ដែល​ផ្សាយ​ផ្ទាល់ យ៉ាង​ដូច្នេះ​ថា ៖ លោក​បាន​ធ្វើ​ដំណើរ​ពី​ព្រ​លាន​យន្តហោះ ឆ្ពោះទៅ​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ស្តុ​ប​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ លោក​ក៏​បាន​បត់​ឆ្វេង ដោយ​មិន​បាន​មើល​ភ្លើងស្តុប​ក្រហម ក៏​ត្រូវ​នគរបាល​ចរាចរណ៍​ចេញ​មក​ឃាត់​។ នៅ​ពេល​ឃាត់​នោះ ម្ចាស់​រថយន្ត សួរ​ថា តើ​ខ្ញុំ​ខុស​អ្វី ? ហើយ​មន្ត្រី​នគរបាល ប្រាប់​និង​ធ្វើ​ជា​សញ្ញា​ថា ឲ្យ​ចូល​សិន​ៗ(​អែប​កៀន​) ប៉ុន្តែ​លោក​មិន​បាន​ចូល​កៀន​ទេ ក៏​បាន​បើកបរ​ទៅ​មុខ​ទៀត ពេល​នោះ មាន​មន្ត្រី​នគរបាល​ម្នាក់ បាន​ហក់​ឡើង​តោង​លើ​ក្បាល​រថយន្ត តែ​ម្តង ។

​សម្តី​របស់​ម្ចាស់​រថយន្ត ប្រាប់​បន្ត​​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​ហក់​ឡើង​តោង​លើ​ក្បាល​រថយន្ត​នោះ លោក​បាន​បើក​បន្តដំណើរ​ទៅ​មុខ លុះ​បាន​ប្រមាណ​ជាង​២០០​ម៉ែត្រ ទើប​មាន​កម្លាំង​សមត្ថកិច្ច ជិះម៉ូតូ​០២​​​គ្រឿង (១​គ្រឿង​មាន​ស៊ី​រ៉ែ​ន​) ប្រដេញ​តាម​មក​ដល់ ក៏​ឈប់​ម៉ូតូ​ស៊ី​រ៉ែ​ន បាំង​មុខ​រថយន្ត​។ ហើយ​មន្ត្រី​នគរបាល ដែល​ជិះ​ម៉ូតូ​១​គ្រឿង​ទៀត ចុះ​មក​ដក​វិទ្យុទាក់ទង ID មក​វាយ​យក​ៗ បណ្ដាល​អោយ​បែក​កញ្ចក់​រថយន្ត តែ​ម្តង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។