ព័ត៌មានជាតិ

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់ ចំនួន៦៩៤គ្រួសារ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

(កំពង់ធំ) ÷ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់ នៅថ្ងៃ ពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៩៤គ្រួសារ រស់នៅក្នុងភូមិចំនួន៥ ឃុំផាត់សណ្តាយ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មានមតិស្វាគមន៍នាពេលនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តម បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេសជៀសវាងអំពើហិង្សាក្នុងគ្រួសារ គ្រឿងញៀន គ្រឿងស្រវឹង ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួមពង្រឹងសាមគ្គីភាពជាតិ និងរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានសន្តិភាព​ ទេីបមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ដោយ មនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី» ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល។ ជាមួយគ្នានេះ សូមលើកទឹកចិត្តដល់ស្ត្រីដែលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុន ពេលសម្រាល និងទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីការពារកុំឱ្យឆ្លងពីម្តាយទៅកូន និងត្រូវស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកសម្រាលកូនឱ្យបានត្រឹមត្រូវ។

បន្ថែមលើនេះដែរ លោកជំទាវ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែទាំសុខភាព ឱ្យបានល្អ និងត្រូវរស់នៅដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ។

ក្នុងនោះដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម និងសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីចែកចាយនៅទីតាំងចំនួន២ផ្សេងគ្នាគឺ ៖ទីតាំងទី១ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ចម្លង សម្រាប់ប្រជាពលរដ្ឋ ចំនួន ១៧៨គ្រួសារ រស់នៅក្នុងភូមិទួលនាងសាវ នៃឃុំផាត់ សណ្តាយ និងទីតាំងទី២ ស្ថិតនៅក្នុងសាលាបឋមសិក្សាផាត់ សណ្តាយ សម្រាប់ប្រជាពលរដ្ឋ ៥១៦គ្រួសារ រស់នៅភូមិ ទួលនាងសាវ កំពង់ចម្លង ផាត់សណ្តាយ កោះតាពៅ នៃឃុំផាត់សណ្តាយ។

សូមបញ្ជាក់ថា អំណោយអង្ករដែលទទួលពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអំបិលពីក្រុមហ៊ុនសុវណ្ណគិរី ផ្តល់ជូនដល់ក្រុមគ្រួសាររងគ្រោះនីមួយៗ ៖ អង្ករ ២៥ គីឡូក្រាម, អំបិល ២ គីឡូក្រាម និងមី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ជាអំណោយកាកបាទក្រហមកម្ពុជា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។