ព័ត៌មានជាតិ

សូមប្រយ័ត្នគ្រោះធម្មជាតិ​ !​ចាប់ពី​ថ្ងៃ​២៩ មិថុនា ដល់​៥ កក្កដា កម្ពុជាមាន​ភ្លៀង​លាយឡំ​​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់!

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៨ មិថុនា​នេះ​បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង វៀតណាម ដោយ​ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

សម្ពាធ​ទាប​នេះ​នឹង​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​ជា​ព្យុះ​ទី​៣ ដោយ​មានដំណើរ​ឆ្ពោះទៅ​កាន់​កោះ​ហៃណាំ ។

ក្រសួង​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ក្នុង​នោះ​ក៏​នឹង​អាច​មាន​ភ្លៀង​ច្រើន​ដោយ​អន្លើ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។
ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។