ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែង និងទូទាំងប្រទេសដែលបាននិងកំពុងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត តាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទយ៉ាងអធិកអធមក្រៃលែង។

សម្ដេចក្រឡាហោម ក៏បានថ្លែងនូវសារអរគុណជូនជនរួមជាតិគ្រប់រូបដែលបើទោះបីជាមាននិន្នការនយោបាយផ្សេងៗគ្នា មានតួនាទី ព្រមទាំងភារកិច្ចផ្សេងៗគ្នាក៏ដោយ ប៉ុន្តែមានគោលជំហរដូចគ្នា គឺចូលរួមរក្សាការពារសុខសន្តិភាព និងជំរុញការអភិវឌ្ឍជាតិគ្រប់វិស័យ ពិសេសក្នុងឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានចូលរួម និងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងសុីវិល័យ ធ្វើឱ្យយុទ្ធនាការឃោសនាប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងប្រកបដោយបរិយាកាសប្រជាធិបតេយ្យ។

សម្ដេចបានអំពាវនាវសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និយាយរួមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាការពារសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររបបរាជានិយម និងបន្តសម្រេចវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។