ព័ត៌មានជាតិ

ក្រុមការងារឯកឧត្តម ឌិត ទីណា ដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នៅថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្នុងភូមិសាស្ត្រស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានអ្នកសមាជិកបក្សចូលរួមប្រមាណ ៣.៣០០នាក់។

ក្នុងយុទ្ធនាការឃោសនាថ្ងៃចុងក្រោយនេះ ឯកឧត្តម បានបន្តអំពាវនាវជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសូមទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ហើយបើស្រលាញ់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខ ១៨ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនយើង។

សម្រាប់ ឯកឧត្តម ព្រមទាំងសមាជិក សមាជិកាបក្សទាំងអស់ បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

បន្ទាប់ពីក្បួនដង្ហែ ឯកឧត្តម បានជួបសំណេះសំណាល និងពង្រឹងស្មារតីសមាជិកគណបក្ស បន្តជំរុញប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដាខាងមុខនេះទាំងអស់គ្នា ហើយត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមពាក្យស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ចំពោះអ្នកដែលមិនមានចង្អុលដៃខ្មៅ ឬមិនទៅបោះឆ្នោតត្រូវកត់ត្រាទុក ព្រោះបើតាមច្បាប់បោះឆ្នោតថ្មី គឺអ្នកមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយៗទៀតឡើយ ហើយសមាជិកបក្សដែលមិនបោះឆ្នោតជូនបក្សក៏មិនគួរស្ថិតក្នុងបញ្ជីឈ្មោះបក្សទៀតដែរ។

លើសពីនេះទៀត សម្រាប់អ្នកគ្រប់គ្រង និងអ្នកអង្កេតការបក្ស នៅការិយាល័យបោះឆ្នោត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងតួលេខទាំង ៣ ដោយពិនិត្យតាមដានផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ និងផ្ញើមកថ្នាក់លើឱ្យបានទាន់ពេលវេលាតាមម៉ោងដែលបានកំណត់ គឺចំនួនអ្នកទៅបោះឆ្នោត ចំនួនសន្លឹកឆ្នោតបោះជូនបក្ស និងចំនួនសន្លឹកឆ្នោតខូច ព្រមទាំងត្រូវតវ៉ាការពារសន្លឹកឆ្នោតបានការរបស់បក្ស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។