ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ករណីរកឃើញបុរសម្នាក់មានផ្ទុកជំងឺកូវីដ-១៩ និងធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅទីតាំងដែលពាក់ព័ន្ធ!

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ បានចាត់ឲ្យ លោក ហេង វណ្ណនី អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធករណីរកឃើញបុរសម្នាក់មានផ្ទុកជំងឺកូវីដ-១៩ ដែលបានសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍ស្ថិតនៅភូមិរកាទ្វារឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានគូសបញ្ជាក់ថា ៖ អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលសរុប ៥២នាក់ ក្នុងនោះ មន្ទីរពេទ្យពហុព្យាបាលជំងឺព្រែកពោធិ៍ ២១នាក់ មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ២១នាក់ និងអ្នកសម្រាកព្យាបាលជាមួយនឹងអ្នកជំងឺកូវីដ១៩ ចំនួន ០៩នាក់ ដែលកំពុងធ្វើចិត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកស្រីសន្ធរ និងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍។

ជាវិធានការ លោកអភិបាលរងខេត្ត បានឲ្យលោកអភិបាលស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុករៀបចំផែនការចំណាយលើការហូបចុករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ដោយជាគោលការរបស់រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាចំនួន ២០.០០០រៀល និងការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត តាមរយៈប្រធានមន្ទីរសុខាភិបាល បន្ថែម ១០.០០០រៀលទៀត ដូច្នេះ អ្នកដែលកំពុងធ្វើចត្តាឡីស័ក គឺក្នុងម្នាក់ឧបត្ថម្ភ ថវិការ ៣០.០០០ រៀល។

បន្ទាប់មកលោកអភិបាលរង បានចុះទៅពិនិត្យទីតាំងដែលបានបិទនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងបានប្រគល់សេចក្ដីសម្រេចបិទមន្ទីរបទអាគារបណ្ដោះអាសន្ន នៃមន្ទីរពេទ្យបង្អែក និងបន្តចុះទៅពិនិត្យទីតាំងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍ ស្ថិតភូមិរការទ្វារ នៅឃុំស្ព្រែកពោធិ៍ ស្រុកស្រីសន្ធរ និងប្រគល់ជូនសេចក្តីសម្រេចស្ដីពីការផ្អាកបណ្ដោះអាសន្ន ទាំងពីរទីតាំងគឺអគារក្នុងមន្ទីរបង្អែកស្រុកស្រីសន្ធរ និងមន្ទីពហុព្យាបាលជំងឺព្រែកពោធិ៍ ។

ដោយការគិតគូរអំពីបញ្ហាប្រឈមដោយសារមេរោគកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្នើឲ្យ លោក គឹម សួភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចាត់ចែងដល់ក្រុមគ្រូពេទ្យធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងមន្ទីរពេទ្យបង្អែក និងមន្ទីពហុព្យាបាលជំងឺព្រែកពោធិ៍ ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។