ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

(ព្រៃវែង) ៖ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងវឌ្ឍនភាពនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅស្នាក់ការគណបក្សខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង តាងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមប្រឹក្សា គណៈអភិបាល មន្ទីរ អង្គភាពជំនាញនានា អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តព្រៃវែង ដែលបានសហការសាមគ្គីគ្នា បំពេញការងារយ៉ាងសកម្ម ទាំងការងារគណបក្ស និងការងាររដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឱ្យគណបក្សយើងដែលជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអនុវត្ត សម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមរយៈពេលយូរអង្វែងបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម បានគូសបញ្ជាក់អំពីសភាពការណ៍ និងទិសដៅការងារសំខាន់ៗសម្រាប់រយៈពេលពីពេលនេះរហូតដល់ពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបន្តត្រៀមរៀបចំកិច្ចការនានាសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

សម្តេចក្រឡាហោម បានមានប្រសាស៍បន្តថា ទោះបីត្រូវទទួលរងឥទ្ធិពលបណ្តាលមកពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ផលវិបាកនៃជំងឺកូវីដ-១៩ និងការប៉ុនប៉ងបំផ្លាញឥតឈប់ឈរពីពួកជ្រុលនិយមយ៉ាងណាក្តី ក៏សភាពការណ៍ផ្ទៃក្នុងប្រទេសយើងមានការវិវត្តយ៉ាងល្អប្រសើរ ជាក់ស្តែងយើងបានរួមគ្នារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមទាំងមូល។

សម្តេចមានប្រសាស៍បន្ថែមថា ប្រទេសយើងបានបន្តរៀបចំការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិឱ្យប្រព្រឹត្ត ទៅយ៉ាងទៀងទាត់តាមអាណត្តិដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។ ជាក់ស្តែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមានអ្នកបោះឆ្នោត ៨៤,៥៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានចេញទៅបោះឆ្នោត ដោយគ្មានការកៀបសង្កត់ ការគំរាមកំហែង ឬការបំភិតបំភ័យណាមួយនោះឡើយ។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា បានប្រសាស៍គូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតជាតិ លើកទី៧ រដ្ឋសភាអាណត្តិថ្មី បានបើកសម័យប្រជុំលើកដំបូង និងបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួន និងបានបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ស្របតាមរដ្ឋធម្មនុញ្ញ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនប្រកបដោយថាមពល និងការជឿជាក់បំផុត។

ក្នុងរយៈពេលជាង ៣ខែ បន្ទាប់ពីការចូលកាន់តំណែង គណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញការងារយ៉ាងសកម្ម និងស្វាហាប់ ធានាបាននូវនិរន្តរភាពការងារលើគ្រប់វិស័យក្នុងសង្គមបន្ត ពីរាជរដ្ឋាភិបាលនីតិកាលទី៦ ព្រមជាមួយការចាត់តាំងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលបានចាប់ផ្តើមអនុវត្តភ្លាមចាប់ពីឆ្នាំ២០២៣ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងរយៈពេលចំពោះមុខ និងសម្រាប់រយៈពេលពីមធ្យមទៅរយៈពេលវែង។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង សម្តេចបានផ្តល់អនុសាន៍ ត្រូវបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធតាមគោលការណ៍ដែលបានកំណត់ និងមានសមត្ថភាពដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងការងារនានារបស់គណបក្ស ដោយប្រកាន់នូវគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបការងារច្បាស់លាស់ មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។ ខិតខំថែរក្សាកម្លាំងនយោបាយគណបក្ស ជាពិសេសកម្លាំងប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សយើងឱ្យបានស្ថិតស្ថេរគង់វង្ស ដោយត្រូវយកចិត្តទុកដាក់ថែទាំទាំងស្មារតី និងសម្ភារឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការដឹកនាំរបស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតទៅមុខទៀត។ ត្រូវបន្តជំរុញសកម្មភាពពង្រឹងពង្រីកសមាជិកបក្សឱ្យបានជាប់ជាប្រចាំដោយផ្សារភ្ជាប់ជាមួយការជំរុញការងារអប់រំនយោបាយ សតិអារម្មណ៍ ការងារចលនាមហាជន ការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានទូលំទូលាយ ស៊ីជម្រៅ ទាំងក្នុងជួរសមាជិកបក្ស មហាជន និងមជ្ឈដ្ឋាននានាក្នុងសង្គម។ ចំពោះលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ក្រុមការងារ និងគណបក្ស ត្រូវសហការបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណៈកម្មាធិការសាខាបក្សតាម មន្ទីរ អង្គភាពនានា និងនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត។

ទន្ទឹមនេះ ត្រូវបន្តត្រៀមរៀបចំកិច្ចការនានាដើម្បីអនុវត្តសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែល នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា មានប្រសាសណ៍បន្ថែមថា គណបក្ស ជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងមូល ហេតុនេះ ក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ត្រូវទំនាក់ទំនងសហការគ្នាបំពេញការងារ ដើម្បីគាំទ្របំពេញឱ្យគ្នាទៅវិញទៅមកក្នុងការពង្រឹងមូលដ្ឋាន ទាំងការងារនយោបាយ ការងារកសាងអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយឆ្លើយតបសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋ សំដៅរួមគ្នាអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្ស ដែលបានប្រែក្លាយមកជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង សង្ឃឹមជឿជាក់លើការប្ដេជ្ញាចិត្ត ការចូលរួម ការគាំទ្ររបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ ក្នុងការបន្តរួមគ្នាថែរក្សាសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន និងខិតខំរួមគ្នាដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ខាងមុខនេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។