ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា​ ដើម្បីជម្រាបលា​ ក្រោយបញ្ចប់បេសកកម្មអស់រយៈពេលបីឆ្នាំនៅកម្ពុជា

(ភ្នំពេញ) នៅព្រឹកថ្ងៃទីអង្គារ​​ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា​ ដើម្បីជម្រាបលា​ ក្រោយបញ្ចប់បេសកកម្មអស់រយៈពេលបីឆ្នាំនៅកម្ពុជា។

លោកស្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយខាងធនាគារក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យកសិកម្ម។​ លោកស្រីសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ក្រោមការដឹកនាំរបស់លោកស្រីកន្លងមក​ ដែលបានយកចិត្តទុកដាក់ជួយគាំទ្រគម្រោងជាច្រើននៅក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបលោកស្រីថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច​ ជាក់ស្តែងនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីត​នេះ ផលិតកម្មកសិកម្ម​ ក៏ដូចជាការនាំចេញផលិតផលកសិកម្មនៅតែរក្សាបាននូវកំណើន និងបានចូលរួមសម្រាលនូវការរងផលប៉ះពាល់ពីសម្ពាធនៃជំងឺកូវីដ។

លោកស្រីបានបន្ថែមថា​ វិស័យកសិកម្មនៅកម្ពុជាមានសក្តានុពលជាច្រើន ដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម​ ការកែច្នៃផលិតផលកសិកម្ម​ ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋកិច្ចផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី​ ក៏បានជម្រាបជូនបន្ថែមថា​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងគិតគូរពីការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចពីវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យកសិកម្មបន្ថែមទៀត​ ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណភាពផលិតផលកសិកម្ម។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ លោកស្រី ក្នុងឱកាសទទួលបាននូវភារកិច្ចថ្មី សូមលោកស្រី ទទួលបាននូវជោគជ័យការងារ និងមានសុខភាពល្អ ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមថា នាយកធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជាថ្មី នឹងបំពេញភារកិច្ចបន្តជំនួស លោកស្រី ប្រកបដោយជោគជ័យផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។