ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបាន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់គណបក្សទាំង២៨ ដែលរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា គណបក្សទាំងអស់មិនស្ថិតនៅលេីការគ្រប់គ្រងពីគណបក្សណាមួយទេ គឺស្មើសិទ្ធិ ស្មើភាពគ្នា មិនមែនស្ថិតក្រោមគណបក្សប្រជាជនកម្ពុជានោះ បើទោះបីជាបក្សប្រជាជនកំពុងកាន់អំណាចក្តី និងមានធនធានហិរញ្ញវត្ថុក្តី។

សម្តេចតេជោបានមានប្រសាសន៍បន្តថា ការអញ្ជើញអនុប្រធានបក្សប្រជាជនទាំង៤រូប ចូលរួមនៅពេលនេះដែលមានចំនួនច្រើនជាងបក្សដទៃ គឺក្នុងនាមជាម្ចាស់ផ្ទះ ជាការទទួលភ្ញៀវ។​ ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គណបក្សផ្សេងទៀតអាចនឹងរងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។​ សម្តេចតេជោបានបន្តថា បើទោះបីគណបក្សប្រជាជន មានធនធានមនុស្សច្រើន និងមានធនធានហិរញ្ញវត្ថុ តែមិនបានមើលឃើញគណបក្សផ្សេងៗថាតូច មិនមែនជាដៃគូរបស់ខ្លួននោះទេ គឺស្មើភាព និងស្មើសិទ្ធិគ្នា។​ សម្តេចតេជោបានថ្លែងទៀតថា អ្វីដែលយើងចុះកិច្ចព្រមព្រៀងនេះ គឺមានការគ្របដណ្តប់ក្នុងរដ្ឋធម្មនុញ្ញ។

នៅថ្ងៃនេះ សម្តេចតេជោបានចោទជាសំណួរថា សម្តេចមិនយល់មនុស្សមួយចំនួន ដែលបានបកស្រាយមិនត្រឹមត្រូវ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដោយសម្តេចបានរំលឹកពីដំណើរការនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀត។ សម្តេចបានចាត់ទុកការបកស្រាយរបស់ក្រុមមួយចំនួននោះ គឺបំពានលើភាពជាក់ស្តែង នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្តេចតេជោចង់បានការគោរពនូវសច្ចភាពនូវអ្វីដែលបានឆ្លងកាត់ ហើយពេលនេះកម្ពុជាគោរពតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

សម្តេចតេជោបានមានប្រសាសន៍ថា សម្តេច និងសម្តេចនរោត្តម សីហនុ គឺជាតួអង្គ២នាក់ដែលសំខាន់ នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ការយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកសង្កត់លើរដ្ឋធម្មនុញ្ញកម្ពុជា គឺជារឿងមិនត្រឹមត្រូវទេ។សម្តេចបានថ្លែងថា​ ក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយបក្សនយោបាយទាំង២៨ មានចំណុចដែលតម្រូវឱ្យមានការពាររបបរាជនិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមប្រឆាំងបានបំពាន និងប្រមាថលើព្រះមហាក្សត្រ រួមទាំងការទាមទារឱ្យព្រះមហាក្សត្រ ដាក់រាជជាដើម។

សម្តេចតេជោបានថ្លែងថា ការពាររបបរាជានិយមបានទាមទារឱ្យមានចលនាជាតិនិយមមួយ ដែលទាមទារឱ្យគណបក្សនយោបាយចូលរួមផងដែរ។ការពារទឹកដី ការពារសន្តិភាព និងស្ថិរភាព គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា «ពេលមានសន្តិភាព គេមិនសូវនឹកពីតម្លៃនៃសន្តិភាពទេ ប៉ុន្តែពេលមានសង្គ្រាមទើប គេនឹករកសន្តិភាព»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងមិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណាក៏ដោយដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេស។ អ្វីដែលយើងទាមទារនៅពេលនេះ គឺកម្លាំងជាតិ និងកម្លាំងបក្សនយោបាយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពនេះ គឺត្រូវការពារសន្តិភាព ឱ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនា៩វិច្ឆិកា ដែលជាចលនានៃការផ្តួលរំលំរាជរដ្ឋាភិបាល គឺមិនត្រូវអត់ឱនទេ ហើយតុលាការកំពុងបន្តដំណើរការលើរឿងក្តីនេះ។​ សម្តេចតេជោបានជូនសារដល់បរទេស និងអង្គការមួយចំនួន ឱ្យឆាប់ដកខ្លួនចេញពីចលនាបដិវត្តពណ៌ យើងមិនអាចទទួលយកបានទេ។នយោបាយជ្រុលនិយម គឺជាការនាំឱ្យកើតបដិវត្តន៍ពណ៌ ដែលយើងត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ចោល។

សម្តេចតេជោបានអំពាវនាវឱ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ និងអំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ឬគណបក្សប្រជាជន ពិតជាលំបាកណាស់ក្នុងការគាំទ្រ លើអ៉ីស្រាអែល ឬក្រុមហាម៉ាស របស់ប៉ាឡេស្ទីន ដោយសារតែមានចលនាជ្រុលនិយម។

សម្តេចបានណែនាំឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយ សម្រាប់សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង២៨ ដែលចុះព្រមព្រៀងនេះ រួមមានទាំងការជួបប្រជុំ ទីតាំងជួបជុំ រយៈពេលជួបប្រជុំជាដើម។​ សម្តេចបានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺបើកទូលាយឱ្យគណបក្សផ្សេងទៀត ចួលរួមក្នុងសម្ព័ន្ធភាព ដែលត្រូវទាមទារឱ្យមានការស្រុះស្រួលគ្នាមួយ ដែលទាមទារឱ្យមានបទបញ្ជាផ្ទៃក្នុងមួយថា តើជ្រើសរើសយកការសម្រេចបែបកុងសង់ស៉ីស ឬ៥០បូក១?

សម្តេចតេជោ ហ៊ុន សែន ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ យើងត្រូវការកម្លាំងមួយដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចងសម្ព័ន្ធនេះមិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពរបស់គណបក្សនយោបាយខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ។
ការចងសម្ព័ន្ធភាពរវាងបក្សនយោបាយ២៨ គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសរបស់យើង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាណត្តិមុន សម្តេចផ្តួចផ្តើមបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានសមាជិកមកពីគណបក្សចូលរួមការបោះឆ្នោត ប៉ុន្តែអាណត្តិនេះ នាយករដ្ឋមន្រ្តីថ្មី មានគំនិតមួយទៀត ដែលយកសមាសភាពគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ សមាសភាពថ្មី ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាឱកាសសម្រាប់បក្សនយោបាយទាំងអស់ផ្តល់ធាតុចូលរាជរដ្ឋាភិបាល។ ការចុះហត្ថលេខាលើសម្ព័ន្ធភាពថ្ងៃនេះ គឺស្ថិតនៅក្នុងគោលដៅមួយចំនួន ដែលយើងបានដាក់ចូលទៅក្នុងកិច្ចព្រមព្រៀងនេះ ដែលនឹងធ្វើការសហការជាមួយគ្នាក្នុងគោលដៅទូលាយ ដូចជាការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ឯករាជ្យ អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍ និងការកម្ចាត់ចោលនយោបាយជ្រុលនិយម ដែលគ្រោះថ្នាក់រយៈពេលវែងសម្រាប់កម្ពុជា ហើយមិនគួរឱ្យកើតមានឡើងចំពោះកម្ពុជាទៀតទេ។

បន្ទាប់ពីពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សទាំង២៨ រួចហើយ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញសមាជិក សមាជិកា គណបក្សនយោបាយទាំងអស់ ទទួលទានអាហារសាមគ្គីជាមួយគ្នា នៅវិមាន៧មករា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។