ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកកងមាស !

(កំពង់ចាម) នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយក្រុមការងារសាខា, អាជ្ញាធរស្រុកកងមាស រួមនិងមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកងមាស ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើងជញ្ជាំង និងរបើកដំបូលលំនៅដ្ឋាន កាលពីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ។

គួររំលឹកថា ក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ខ្យល់កន្ត្រាក់បានបង្កមហន្តរាយនៅកងមាស ដល់ទៅ ៣លើក បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ សរុបចំនួន ១៨៦ខ្នង ក្នុងនោះខូចខាតកម្រិតធ្ងន់ ៣៥គ្រួសារ កម្រិតមធ្យម ៦៦គ្រួសារ និងកម្រិតស្រាល ៨៥គ្រួសារ ហើយត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ ជាបន្តបន្ទាប់ ក្រោមវត្តមានឯកឧត្តមប្រធានគណៈកម្មាធិការ និងថ្នាក់ដឹកនាំសាខា។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសខា បានសម្តែងនូវការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះ មហន្តរាយធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត លំនៅដ្ឋានរបស់បងប្អូននាពេលនេះ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩ ទោះពេលក្នុងការបំពេញការងារ ឬប្រកបរបររកស៊ីផ្សេងៗ ឬទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តីក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្តនូវវិធានសុខាភិបាល និងវិធានការ ” ៣ការពារ និង ៣កុំ ” ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, ការលាងសំអាតដៃជាមួយសាប៊ូ ឬអាល់កុល ជែល អោយបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង។

ចំពោះអំណោយមនុស្សធម៌ដែលបានផ្ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ទាំង ៣៨គ្រួសារ គឺក្នុង ០១គ្រួសារៗទទួលបាន៖
អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ )។

ដោយឡែកចំពោះថវិកាគឺបានផ្តល់ជូនតាមកម្រិតខូចខាត គឺ គ្រួសារដែលខូចខាតកម្រិតធ្ងន់ ចំនួន ០៦គ្រួសារ ០១គ្រួសារ ៗផ្តល់ជូនបន្ថែមតង់ ១ និងថវិកា ៣០០,០០០ រៀល។
គ្រួសារខូចខាតកម្រិតមធ្យម ចំនួន ៣២ គ្រួសារ ០១គ្រួសារ ៗផ្តល់ជូន ថវិកា ២០០,០០០ រៀល។

ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានប្រគេនព្រះសង្ឃ គង់នៅវត្តជេត្តពន ក្នុងឃុំស្តៅ នូវ អង្ករចំនួន ៥០គក្រ, មី ២កេស, ត្រីខ២០កំប៉ុង និងបច្ច័យចំនួន ២០០,០០០ រៀល ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។