ព័ត៌មានជាតិ

សមិទ្ធផលថ្មីៗ តម្លៃជាង ៩លានដុល្លា​ ក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ត្រូវបានសម្ពោធដាក់ប្រេីប្រាស់ជាផ្លូវការ​!

(កំពេញ) ៖ ចំណងដៃថ្មីរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួមមាន៖ សាលាធម្មសភា ផ្លូវបេតុង​ ផ្លូវកៅស៊ូ សាលាសង្កាត់​ និងសមិទ្ធផលថ្មីៗមួយចំនួនទៀតមានតម្លៃជាង ៩លានដុល្លា​ ក្នុង សង្កាត់វាលវង់ និងសង្កាត់សំបួរមាស ត្រូវបានសម្ពោធដាក់ប្រេីប្រាស់ជាផ្លូវការ​ ក្រោមអធិបតីភាព​ ឯកឧត្តម​​ វេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តខេមវ័ន្តបឹងស្នាយ ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ខេត្តកំពង់ចាម បាននិងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ កាន់តែបានលើកកម្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដែលសមិទ្ធផលទាំងនោះហើយបាននិងកំពុងជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ជាបន្តបន្ទាប់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា សង្កាត់សំបួរមាស និងសង្កាត់វាលវង់ ក្រុងកំពង់ចាម សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់សំបួរមាស និងសង្កាត់វាលវង់ ចំនួន៣២គម្រោង ដោយចំណាយថវិកាប្រមាណ ៣៧,៧៤៤លានរៀល ស្មើនឹង៩,៣១៩,៥០៦ដុល្លារ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។