ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលា២នាក់ ជិះម៉ូតូបុករ៉ូឡូ១គ្រឿងកំពុងបើកយឺតៗ បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល !

(ភ្នំពេញ) ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិព្រៃកី «គ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រី២នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1IG-4428 ឌុបគ្នាបើកបរធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែរេចង្កូតជ្រុលទៅបុករ៉ូឡូ១គ្រឿង ដែលកំពុងបើកបរយឺតៗ ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យម៉ូតូដួលហើយក្មេងស្រីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ម៉ូតូបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ពងទឹកបានចុះទៅកាន់ទីនោះ រួចចាត់បញ្ជូនក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ បន្ទាប់មកភាគីទាំង២ព្រមព្រៀងស្មើគ្នាបញ្ចប់រឿង នៅនឹងកន្លែងគ្មានភាគីណាសងទៅភាគីណានោះទេ ហើយក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានយកម៉ូតូទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។