ព័ត៌មានជាតិ

ការចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖នាថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយតំណាងអគ្គនាយកដ្ឋាកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានបន្តដំណើរចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលបានពិនិត្យឃើញថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលផលស្រូវកណ្តាលអនុវត្តបាន៨៦% នៃផ្ទៃដីសរុបចំនួន ១០៨,៦២២ហិកតា។ ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធកន្លងមក ប្រជាកសិករមានសេចក្តីរីករាយដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពួកគាត់ជាពិសេសការរក្សាបាននៅស្ថេរភាពតម្លៃស្រូវ។

ជាសំណូមពរប្រជាកសិករបានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកពិនិត្យ និងដាក់ចេញនៅវិធានការតម្លៃស្រូវឱ្យបានមុនរដូវច្រូតកាត់ ហើយសំណូមពរឱ្យក្រសួងពិនិត្យលទ្ធិភាពផលិតនូវពូជស្រូវសុទ្ធល្អ ដើម្បីចែកចាយដល់ប្រជាកសិករយកទៅធ្វើការដាំដុះឱ្យទទួលបានគុណភាពខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារ និងទទួលប្រាក់ចំណូលខ្ពស់ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។