ព័ត៌មានជាតិ

ពិធីបិទព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន

(សៀមរាប) :ឆ្លងទៅតាមកម្មវិធីដែលបានគ្រោងទុកប្រចាំថ្ងៃ នៃព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន ក្នុងរយៈពេល ២ថ្ងៃមកនេះ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ត្រូវបានប្រារព្ធធ្វើពិធី បិទរបស់ខ្លួន កាលពីរសៀលថ្ងៃអាទិត្យទី ១២ ខែ ធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ហាប់ ទូរ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី អស់លោក លោកស្រីអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបថ្នាក់ដឹកនាំមន្ទីរ ភ្ញៀវជាតិ អន្តរជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្សផងដែរ។

ព្រឹត្ដិការណ៍វប្បធម៌នេះ ក្នុងការជម្រុញឲ្យកម្ពុជា ឲ្យក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ ដែលក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងថា ការរៀបចំបង្កើតព្រឹត្ដិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន នៅខេត្ដសៀមរាប ពិតជាមានន័យធំធេង ក្នុងការបង្កើនផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូល ឲ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ។

លោកស្រី យូ សុភា បានលើកឡើង ពីកិច្ចចាប់ផ្តើមបើកទំព័រថ្មី ក្នុងបរិបទកូវីដ១៩ ក្រោយពេលដែលពិភពលោកជួបនូវវិបត្តិកូវីដ១៩ បានធ្វើឲ្យវិស័យសេដ្ឋកិច្ចធ្លាក់ចុះ សំខាន់លើវិស័យទេសចរណ៍នៅខេត្តសៀមរាប ។ ពេលនេះទាំងក្រសួង និង រដ្ឋបាលខេត្តសៀមរាប បានកំពុងធ្វើការស្តារឡើងវិញ ដោយខេត្តសៀមរាបទទួលបាននូវសមទ្ធិផលថ្មី នៃចំណងដៃថ្មីនៅលើទឹកដីអង្គរ គឺផ្លូវដ៏ល្អស្អាតទាំង ៣៨ខ្សែ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការទទួលស្វាគមន៍ទេសចរចាក់វ៉ាក់សាំងពេញលេញ ។ ខេត្តសៀមរាប គឺជាប៉ូលទសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរណ៍ទស្សនាកម្សាន្ត។ ក្នុងពិធីបិទនោះដែរលោកស្រី ក៏បានធ្វើការថ្លែងអំណរគុណដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះឡើង ដោយមានធ្វើការប្រកួតប្រឡងនូវម្ហូបរបស់ខ្មែរ ដែលមានបណ្តាខេត្ត ចំនួន៥នៅជុំវិញបឹងទន្លេសាបចូលរួម ព្រមទាំងវិញ្ញាសាផ្សេងៗទៀតពាក់ព័ន្ធនឹងវិស័យវប្បធម៌ ។

មានប្រសាសន៍នោះដែរ ឯកឧត្ដម ហាប់ ទូរ បានបញ្ជាក់ថា ប្រកាសជ្រើសរើសយក ទីក្រុងសៀមរាម ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២ គឺជាការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាននេះគឺជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ពិសេសសម្រាប់ខេត្តសៀមរាប ដែលជាទឹកដីពោរពេញទៅដោយមរតកវប្បធម៌ដ៏សម្បូណ៌បែបទាំងរូបី និង អរូបី ជាពិសេសរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និង ជាគោលដៅទេសចរណ៍វប្បធម៌ ប្រកបដោយសក្តានុពលនៅក្នុងតំបន់ និងពិភពលោក ។ ឯកឧត្ដមបានបន្ដថា ព្រឹត្តិការណ៍វប្បធម៌នាពេលនេះ ក៏ជាផ្នែកមួយនៃការស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការស្តារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ ។ ម៉្យងទៀតព្រឹត្តិការណ៍វប្បធម៌នេះ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយដ៏សំខាន់ និងសូមគាំទ្រឲ្យបន្តរៀបចំមហោស្រពប្រកួតប្រជែង បង្ហាញស្នាដៃសិល្បៈវប្បធម៌ គ្រប់រូបភាព ឲ្យកាន់តែផុលផុសឡើងថែមទៀត ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឲ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរ ឲ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ ។ ឯកឧត្តមបន្តទៀតថា ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាកាលានុវត្តភាពក្នុងការរៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាព ដោយចាប់យកអត្ថប្រយោជន៍ពីសក្តានុពល ធនធានវប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន តាមរយៈការបង្កើតផលិតផលវប្បធម៌ថ្មីៗសម្បូណ៌បែបថែមទៀត សម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងស្រុក និងវិស័យទេសចរណ៍ ដែលជួយជំរុញធ្វើឲ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ ស័ក្តិសមជា ព្រះរាជាណាចក្រនៃវប្បធម៌ ។ ឯកឧត្ដមស្នើឲ្យផ្នែកពាក់ព័ន្ធនានា យកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យសិល្បៈ និងអ្នកចំណេះជំនាញដែលជាជ័យលាភីកន្លងមក និងក្នុងពេលនេះ ត្រូវខិតខំយក ចិត្តទុកដាក់ថែរក្សា និងផ្ទេរចំណេះដឹងជូនសាធារណជន ពិសេសយុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេមាន ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ និងចូលរួមជាចំណែកក្នុងការថែរក្សាការពារមត៌កវប្បធម៌ឲ្យបាន គង់វង្សទៅអនាគត និងភាពគង់វង្ស រីកចម្រើននៃវប្បធម៌ជាតិក៏ជាផ្នែកមួយនេះការលើកម្ពស់សេដ្ឋកិច្ចជាតិ និងសុខមាលភាពសង្គមផងដែរ ។

សូមជម្រាបថា ព្រឹត្ដិការណ៍នេះក៍មានការតាំងពិព័រណ៍ និងប្រគួតប្រជែងម្ហូបអាហារខ្មែរផងដែរ ។ តាមការបញ្ជាក់របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ និងការចុះពិនិត្យជាក់ស្តែង ឃើញថា ព្រឹត្តិការណ៍នេះមានសកម្ម ភាពវប្បធម៌ជាច្រើន នៅតាមទីកន្លែងផ្សេងៗគ្នា នៅក្នុងក្រុងសៀមរាប និងនៅរមណីយដ្ឋាន មានជាអាទិ៍ ការបង្ហាត់និងបង្ហោះខ្លែងខ្មែរ, មហោស្រពដណ្តាំស្លរម្ហូបអាហារខ្មែរ, តន្ត្រីបុរាណ, របាំ, ល្ខោន, ល្បុក្កតោ, កម្មវិធីអំណាន, ការគូររូបតាមដងផ្លូវការសូត្រកំណាព្យការនិទានរឿង, ការតាំងពិព័រណ៍គំនូរតម្បាញសូត និងកម្មវិធីចម្រុះជាច្រើនទៀត៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។