ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី២១៖ “រេដបូកកម្ពុជា-កូរ៉េ ឬគម្រោងរេដបូកទំរីង”

(ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ កាលពីថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាធារណរដ្ឋកូរ៉េ តាមរយៈសេវាកម្មព្រៃឈើកូរ៉េ នៅក្នុងការផ្តួចផ្តើមបង្កើតគម្រោងរួមគ្នាមួយឈ្មោះថា “រេដបូកកម្ពុជា-កូរ៉េ ឬគម្រោងរេដបូកទំរីង” ។ ខេត្តកំពង់ធំគឺជាខេត្តគោលដៅរបស់គម្រោង អនុវត្តនៅ ក្នុងស្រុកសណ្តាន់ និងស្រុកសន្ទុក គ្របដណ្តប់លើផ្ទៃដីចំនួន ៦៧ ៧៩១ហត និងមាន ១៤ សហគមន៍ព្រៃឈើមានសមាជិកសរុប ១ ៥០១គ្រួសារទទួលផល ហើយគម្រោងបានទទួល មានថវិកាឧបត្ថម្ភពីសាធារណរដ្ឋកូរ៉េចំនួន ១ ១០០ ០០០ដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលកម្ពុជាចំនួន ៨១៣ ០៥០ ដុល្លារ។ កម្មវត្ថុរបស់គម្រោងគឺរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីព្រៃឈើរយៈពេលវែង និងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដែលពឹងអាស្រ័យទាំងស្រុងលើធនធានព្រៃឈើ។ គម្រោងនេះបានទទួលស្គាល់ដោយស្តង់ដាកាបូនស្ម័គ្រចិត្ត Verified Carbon Standard (VCS) និងស្តង់ដារអាកាសធាតុសហគមន៍ និងជីវចម្រុះ (Climate Community and Biodiversity Standard, CCB)។

ដើម្បីចូលរួមដោះស្រាយបញ្ហាបាត់បង់ និងការរេចរឹលព្រៃឈើ ជាពិសេសការលើកកម្ពស់ជីវភាពរបស់សមាជិកសហគមន៌ព្រៃឈើទាំង ១៤ គម្រោងបាននិងកំពុងអនុវត្តកម្មវិធីជាយុទ្ធសាស្រ្ត សំខាន់ៗចំនួន ០៥ គឺ៖
១- សហការជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ក្នុងការរៀបចំ និងអនុវត្តផែនការប្រើប្រាស់ដី ដែលរួមមានធ្វើការចុះបញ្ជីការដីព្រៃ បោះបង្គោលព្រុំដីព្រៃបម្រុងទុកអចិន្ត្រៃយ៍ ព្រៃសហគមន៍ ជំរុញការចុះបញ្ជីដីកសិកម្ម និងរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំឱ្យសមស្រប។
២- ពង្រឹងច្បាប់ស្ដីពីព្រៃឈើ រួមមានការគាំទ្រក្រុមសហគមន៍ព្រៃឈើ និងរដ្ឋបាលព្រៃឈើមូលដ្ឋាន ក្នុងការល្បាតព្រៃជាប្រចាំ ការប្រមូលទិន្នន័យ ការតាមដាន និងការរាយការណ៍។
៣- លើកកម្ពស់ជីវភាពសហគមន៍តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម គាំទ្រសហគ្រាសផលិតជ័រទឹក ផ្សាភ្ជាប់ខ្សែច្រវាក់ផលិតផលកសិកម្មទៅនឹងទីផ្សារ ផ្តល់ហិរញ្ញវត្ថុដល់សមាជិកសហគមន៍ និងធ្វើឲ្យប្រសើរឡើងដីកសិកម្មដែលរេចរឹល និងបង្កើនផលិតផលកសិកម្ម។
៤-លើកកម្ពស់ការចូលរួមពីភាគីពាក់ព័ន្ធក្នុងការកាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ ដោយបង្កើនការយល់ដឹងដល់សាធារណៈជន និងបង្កើនសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព។
៥- បង្កើតប្រព័ន្ធតាមដាន ត្រួតពិនិត្យ សន្និធិកាបូន និងគម្រប់ព្រៃឈើ ស្ថានភាពជីវចម្រុះ និងកម្រិតជីវភាពសហគមន៍មូលដ្ឋាន នៅក្នុងតំបន់គម្រោង។

គិតត្រឹមខែឧសភា ឆ្នាំ២០២១ គម្រោងបានប្រើប្រាស់ថវិកាអស់ចំនួន ៥៨៣ ៤១៦ដុល្លារ ស្មើ នឹង ៩៧%។ ជាលទ្ធផលគម្រោងបានទទួលជោគជ័យក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់បានចំនួន ៦៤៥ ៤១០តោន សមមូលឧស្ម័នកាបូនិច ក្នុងរយៈពេលផ្ទៀតផ្ទាត់ចាប់ពីខែមករា ឆ្នាំ២០១៥ ដល់ខែធ្នូ ឆ្នាំ២០១៩។ ឥណទានទាំងនេះនឹងដាក់លក់នៅលើទីផ្សារកាបូនស្ម័គ្រចិត្ត ហើយមូលនិធិដែលទទួលពីការលក់ឥណទាននេះ នឹងយកទៅប្រើប្រាស់សម្រាប់បម្រើឲ្យសកម្មភាពគ្រប់គ្រងព្រៃឈើ ប្រកបដោយចីរភាព លើកកម្ពស់ជីវភាពសមាជិកសហគមន៍ព្រៃឈើ និងគាំទ្រដល់សកម្មភាពគម្រោងឲ្យដំណើរការប្រកបដោយនិរន្តរភាព។

សកម្មភាពសំខាន់ៗ ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រួមមាន៖

– រឹបអូសរណាយន្តខុសច្បាប់ចំនួន ៣៩៩គ្រឿង គោយន្ត ៩២គ្រឿង, ឡាន២២គ្រឿង, រទេះគោ ១១៥, ម៉ូតូ ៧៥គ្រឿង, អន្ទាក់១៧៣ ដកហូតដីព្រៃឈើដែលបានកាប់រានចំនួន ៤៨៤ហត រំលាយឡធ្យូងខុសច្បាប់ចំនួន ៥០ឡ និងរឹមអុសឈើខុចច្បាប់ចំនួន ១៩៣.១៦៦ ម៣
– បង្កើតឡូតិ៍សារពើភណ្ឌកាបោនព្រៃឈើចំនួន១២៧ វាស់វែង និងគណនាបរិមាណកាបូនស្ដុក
– ពង្រឹងការអនុវត្ដច្បាប់តាមរយៈការគាំទ្រថវិកាល្បាតដល់មន្រ្ដីខណ្ឌរដ្ឋបាលព្រៃឈើ គាំទ្រថវិកាល្បាតដល់សហគមន៍ព្រៃឈើទាំង១៤
– ផ្ដល់ប្រាក់សន្សំដល់សហគមន៍ព្រៃឈើចំនួន០២ ទឹកប្រាក់សរុបចំនួន ៤ ៨១៧ដុល្លារ
– បង្កើតសហគមន៍កសិកម្មចំនួន ០៣
– បង្កើតមជ្ឈមណ្ឌលសូឡាបញ្ចូលអាគុយចំនួន០១ កន្លែង
– ផ្ដល់សូឡាបូមទឹកចំនួន ០១កន្លែង
– ផ្ដល់ជីកសិកម្មចំនួន ១៨ត និងពូជស្រូវ ២០០ គ.ក្រ ពូជដំឡូងមី ៦០០បាច់ ជូនដល់សហគមន៍ចំនួន០៦
– ផ្ដល់ឧបករណ៍ព្រោះស្រូវ (drumseeder) ចំនួន០៣គ្រឿង ជូនសហគមន៍ព្រៃឈើចំនួន០៣
– បើកវគ្គវណ្តុះណ្ដាលបច្ចេកទេសកសិកម្មចំនួន ៦ វគ្គដល់សមាជិកសហគមន៍
– ផ្ដល់ជីកំប៉ុស្ដចំនួន ១២កន្លែង
– ចុះបញ្ជិកាដីសហគមន៍ព្រៃឈើចំនួន០១កន្លែង
– ប្រជុំជាមួយសហគមន៍បានចំនួន ១២០លើ មានអ្នកចូលរួមចំនួន ៩៣០នាក់ (ស្រ្តី១៤៤)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។