ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន អញ្ជើញចុះមកពិនិត្យទិដ្ឋភាពជាក់ស្តែងនៃការកាប់ ឈូសឆាយ និងដុតបំផ្លាញ ដើម្បីទន្ទ្រានយកដីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីចម្ការស្រល់សម្បទានសេដ្ឋកិច្ចខុសច្បាប់ពី សំណាក់ជនអនាធិបតេយ្យ ស្ថិតក្នុងភូមិសាស្រ្ត ឃុំសែនមនោរម្យ ស្រុកអូររាំង

កម្មវិធីទី៤ ៖
ចូលដល់កម្មវិធីទី ៤ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគីរី និងសហការីមួយចំនួនទៀត បានអញ្ជើញចុះមកពិនិត្យទិដ្ឋភាពជាក់ស្តែងនៃការកាប់ ឈូសឆាយ និងដុតបំផ្លាញ ដើម្បីទន្ទ្រានយកដីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីចម្ការស្រល់សម្បទានសេដ្ឋកិច្ចខុសច្បាប់ពី សំណាក់ជនអនាធិបតេយ្យ ស្ថិតក្នុងភូមិសាស្រ្ត ឃុំសែនមនោរម្យ ស្រុកអូររាំង។

បន្ទាប់ពីបានពិនិត្យឃើញទិដ្ឋភាពជារួមរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជូនឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ និងលោកប្រធានមន្ទីរត្រូវចាត់វិធានការជាបន្ទាន់ ៖
១- សហការជាមួយអាជ្ញាធរខេត្ត តុលាកា និងកងកំលាំងមានសមត្ថកិច្ច ចាត់កំលាំងចុះមកដក និងបំផ្លាញបង្គោលព្រំដីទាំងអស់ ព្រមទាំងប្រមូលវត្ថុតាង កសាងសំណុំរឿងទៅតុលាកា។
២- រៀបចំសាងសង់ស្នាក់ការ ឬជាប៉ុស្តិត្រួតពិនិត្យ និងលើប៉ាណូជាផែនទីបញ្ជាក់ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។
៣- រៀបចំផែនការអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់រុក្ខទេសចរណ៍ ស្ថានីយបង្កាត់ពូជផ្កាព្រៃ និងរុក្ខជាតិលម្អ និងឱសថ ធ្វើយ៉ាងណាប្រើប្រាស់ព្រៃចម្លារស្រល់ឲ្យសក្តានុពល ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលអនាគត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។