ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីសម្ពោធអគាររដ្ឋបាលខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត

(ព្រៃវែង) ៖ នៅថ្ងៃទី០៥ ខែឧសភា  ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីសម្ពោធអគាររដ្ឋបាលខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅបរិវេណនៃសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ប្រធានស្ថាប័ននានា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ អភិបាលរាជធានីខេត្តទាំង២៤ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី សរុបចំនួន ២,០១៣នាក់ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានធ្វើរបាយការណ៍សង្ខេបស្តីពីការសាងសង់អគាររដ្ឋបាលសាលាខេត្ត សម្រាប់បង្កលក្ខណៈងាយស្រួលក្នុងការដឹកនាំការងាររបស់រដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងការសាងសង់រោងតម្កល់ទូក ង វែងជាងគេលើលោក ដើម្បីថែរក្សាកេរ្ត៍ដំណែលកូនខ្មែរ និងអត្តសញ្ញាណជាតិខ្មែរ ជាពិសេស ជំរុញស្មារតីសាមគ្គីភាព ប្រកបដោយកិត្តិយសជាទីមោទនៈ។

តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនខ្ញុំផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគាររដ្ឋបាលខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ អគារដ្ឋបាលខេត្ត និងរោងតម្កល់ទូក ង ប្រកបដោយផ្លែផ្កាជាទីមោទនៈ នាពេលនេះ។

ក្នុងឱកាសនេះ សម្តេចក្រឡាហោម បានមានប្រសាសន៍ផ្តាំផ្ញើរការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយឡែក សម្តេច ក៏សូមសម្តែងនូវការអបអរសាទរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីនេះ ដែលទាំងអស់នេះ គឺកើតចេញពីប្រទេសដែលមានសុខសន្តិភាព ហើយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជំរុញអោយអាជ្ញាធរខេត្ត មានលទ្ធភាពពង្រឹងប្រសិទ្ធភាពរលូននៃកិច្ចសហការការងារក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់នានា ជាពិសេស ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ និងបង្ក្រាបអំពើជួយដូរមនុស្សគ្រប់ទម្រង់ដែលជាភារកិច្ចចម្បង។

ឯកឧត្តមអភិបាលខេត្តព្រៃវែង តាងនាមថ្នាក់ដឹកនាំខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ និង​ជួបតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ ។ដោយ ជុំ ចន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។