ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «ធនធានមនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព

(បាត់ដំបង) ៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព។ ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាព នៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់លើកិច្ចការទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ កាលណាប្រទេសជាតិសម្បូរទៅដោយប្រជាជនដែលមានទាំងធនធានចំណេះដឹង និងសុខភាពល្អមាំមួន នោះប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញក្នុងដំណើរការកសាងជាតិ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការកត់សម្គាល់ ភាពជោគជ័យនៅក្នុងការសិក្សា និងនៅក្នុងជីវិតការងារ ក៏ដូចជាជីវភាពប្រចាំថ្ងៃ គឺមានភាពស្រដៀងគ្នាជាខ្លាំង ដោយក្នុងនេះ គឺទាមទារនូវភាពអំណត់តស៊ូព្យាយាម, ការហាត់ពត់លត់ដំ និងចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ព្រមជាមួយការបោះជំហានដោយនិរន្តរភាព។ ក្នុងន័យនេះ បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការគ្រប់កិច្ច, គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា និងពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការបេ្តជ្ញាចិត្តខ្ពស់ក្នុងការសំលឹង និងព្យាយាមចាប់យកឱ្យបាននូវលទ្ធផលវិជ្ជមានជាប់ជានិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។