ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខលោកស្រីភរិយារបស់សមមិត្ត ដោក សាម៉ុល អតីតអភិបាលអភិបាលខេត្តព្រៃវែង អំឡុងឆ្នាំ ១៩៧៩-១៩៨១ នៅគេហដ្ឋានលោកស្រី ស្រុកពារាំង

(ព្រៃវែង) ៖ នៅថ្ងៃទី២០  ខែមេសា ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខលោកស្រីភរិយារបស់សមមិត្ត ដោក សាម៉ុល អតីតអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អំឡុងឆ្នាំ ១៩៧៩-១៩៨១ នៅគេហដ្ឋានលោកស្រី ស្ថិតក្នុងឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក និងមន្ត្រីស្រុក និងឃុំផងដែរ។

នាឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ជាពិសេស ពីសំណក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំយកមកជាមួយនូវថវិកាមួយចំនួន និងគ្រឿងសម្ភារៈឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភជូនលោកស្រី និងកូន ក្នុងគោលបំណងចូលរួមលើកកម្ពស់ជីវភាព និងសម្រួលការលំបាករបស់លោកស្រី ដែលជាមនុស្សចាស់ មានកូនជាជនពិកា និងជាភរិយារបស់ថ្នាក់ដឹកនាំខេត្តម្នាក់ ដែលធ្លាប់បានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ កាលពីកន្លងមកផងដែរ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានលើកទឹកចិត្តលោកស្រី សូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ជាមួយគ្នានេះ ខ្ញុំក៍សូមក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងជួយសម្រាលការលំបាកជូនលោកស្រី ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវការឱ្យជួយជាចាំបាច់ និងសកម្មភាពដែលជាប្រយោជន៍ដល់ប្រជាជនយើងឲ្យមានភាពប្រសើរឡេីង និងសូមជូនពរជ័យដល់លោកស្រី និងកូនប្រុសឱ្យមានសុខភាពល្អ និងសូមឱ្យគ្រោះឆ្នាំចាស់វិនាសសាបសូន្យ ទទួលលាភជ័យក្នុងឆ្នាំថ្មី ជាពិសេសសូមជៀសផុតពីជំងឺកាចសាហាវទាំងឡាយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។