ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទៅថ្ងៃមុខយើងចង់ឱ្យគ្រប់រាជធានីខេត្តទាំងអស់មានសេវាសុខាភិបាលកម្រិតខ្ពស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅធំរបស់យើងទៅថ្ងៃក្រោយ គឺយើងចង់ឱ្យគ្រប់រាជធានីខេត្តទាំងអស់មានសមត្ថភាពសុខាភិបាលកម្រិតខ្ពស់ ប៉ុន្តែយើងមិនទាន់អាចធ្វើបានទេ ដូច្នេះហើយជាជំហានដំបូងយើងត្រូវពង្រីកមន្ទីរពេទ្យតំបន់ ដើម្បីបំពេញឱ្យមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ទីរពេទ្យនៅខេត្តសៀមរាបនេះ គឺជាមន្ទីរពេទ្យតំបន់ដើម្បីធានាដល់ការជួយសម្រាលមន្ទីរពេទ្យនៅភ្នំពេញ តាមរយៈការរុញសេវាកម្រិតខ្ពស់ឱ្យនៅកៀកប្រជាពលរដ្ឋ។

សម្តេចបានបន្ថែមថា កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចព្រមព្រៀងកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុនតាមរយៈ JICA ក្នុងទំហំទឹកប្រាក់ ១៤១លានដុល្លារ ដើម្បីយកមកអភិវឌ្ឍមន្ទីរពេទ្យតំបន់ចំនួន២ គឺសៀមរាប និងកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។