ព័ត៌មានជាតិ

រដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមពីសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគម ដែលប្រឹងប្រែងថែរក្សាដំរីស្រុកនៅកម្ពុជា ខណៈបរិមាណដំរីស្រុកនេះ មានចំនួនតិចតួច ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បង្កើនបន្ថែមទៀត។

នៅក្នុងការងារថែទាំនិងចិញ្ចឹមសត្វដំរី ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់សមាគមឱ្យគិតគូរដល់សុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។

ចំពោះការស្វែងរកការសហការជាមួយក្រសួងកសិកម្ម ក្នុងការបន្តឆន្ទៈអភិរក្សដំរីខ្មែរអៃរាវត្តានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគមលើបច្ចេកទេសនិងអ្នកជំនាញ ព្រមទាំងការផ្សព្វផ្សាយ និងលទ្ធភាពក្នុងការស្វែងរកថវិកាគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធនានាផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។