ព័ត៌មានជាតិ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តបារៀ-វង់តាវនិងរដ្ឋបាលខេត្តសៀមរាប

(សៀមរាប) ៖នារសៀលថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តសៀមរាបចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តបារៀ-វង់តាវ (សាធារណៈរដ្ឋសង្គមនិយមវៀតណាម) និងរដ្ឋបាលខេត្តសៀមរាប (ព្រះរាជណាចក្រកម្ពុជា) នៅបរិវេណមជ្ឈមណ្ឌលសន្និសីទបារៀ-វង់តាវ ខេត្តបារៀ-វង់តាវ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

សូមបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ គាំទ្រ និងជម្រុញលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ វិស័យឧស្សហកម្ម កសិកម្ម ព្រៃឈើ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការថែទាំសុខភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ដោយអនុលោមទៅតាមច្បាប់ និងគោលការណ៍អនុញ្ញាត នៃរដ្ឋាភិបាលប្រទេសទាំងពីរ រួមជាមួយនឹងការផ្លាស់ប្តូរទៅវិញទៅមកនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃភាគីទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍ និងស្វែងយល់នូវប្រវត្តិសាស្ត្រ វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងគោលបំណងបង្កើនសមត្ថភាព ដល់មន្ត្រីរបស់ភាគីទាំងពីរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។